ពេជ្រ វត្ដីសារ៉ាវឌ្ឍី ពេលនេះមានងារជា Miss Grand Intertional លំដាប់រងទី ៥ ប្រចាំឆ្នាំ ២០២២ ដែលជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជាក្នុងពិភព Miss Grand ដែលបវរកញ្ញា អាចឈានដល់វគ្គកំពូល និងអាចយកមកប្រទេស កំណើតបានទៀត ។

អ្វីដែល វត្តី បានបង្ហាញ សុទ្ធតែរំលេចនូវភាពក្លាហាន ពេញដោយសមត្ថភាព គួរជាទីកោតសរសើរ និងទទួលបានការគាំទ្រ ក៏ដូចជាក្ដីស្រឡាញ់ពេញ ទំហឹងពីប្រជាជនកម្ពុជា ។
ជាក់ស្ដែងពេលជាប់ក្នុងកំពូល ១០នាក់ ចុងក្រោយ ឬ TOP10 បវរកញ្ញាកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាខ្លី ដែលជាការរំលេចនូវសារវិជ្ជមាន ក្នុងបំណងចង់កែប្រែពិភពលោក ឲ្យមានតែរឿងល្អកើតឡើង។

អំឡុងពេលឡើងនិយាយ នាងលើកឡើងថា៖ «ខ្ញុំមិនខ្លាចក្នុងការនិយាយប្រាប់គ្រប់គ្នាថា ខ្ញុំធ្លាប់រងនូវការបៀតបៀន និងប៉ះពាល់ដោយបុរសម្នាក់ នៅពេលដែលខ្ញុំទើបមានអាយុ ៦ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក ខ្ញុំឃើញថា អំពើផ្លូវភេទ ការរំលោភបំពាន និងហិង្សា គឺជាប្រធានបទដ៏ក្ដៅ»។
វត្តី នៅបានបន្តដែរថា កុមារ គឺជាសសរទ្រូងប្រទេសជាតិ ហើយស្ត្រីគឺជាមាតាពិភពលោក ចុះបើពួកគេត្រូវរងនូវការធ្វើទុក្ខបុកម្នេញគ្រប់ពេល តើទៅជាយ៉ាងណា? សម្រាប់បវរកញ្ញារូបនេះ ជឿថាគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ ដោយចាប់ផ្ដើមពីពាក្យថាស្រឡាញ់ ព្រោះសេចក្ដីស្រឡាញ់ គឺជារឿងដ៏អស្ចារ្យ ដែល អាចបញ្ចប់រឿងអវិជ្ជមានទាំងនេះបាន។

ជាកិច្ចបញ្ចប់នៃវគ្គសុន្ទរកថា របស់ខ្លួន នាងសង្កត់ធ្ងន់ថា៖ «ខ្ញុំអាចឈរនៅទីនេះបាន ក៏ព្រោះតែប្រជាជនរាប់លាននាក់ ពីប្រទេសកម្ពុជារបស់ខ្ញុំ! ជាមួយនឹងតំណែងនេះ ខ្ញុំអាចប្រើសំឡេងរបស់ខ្ញុំ ដើម្បីចែករំលែកនូវសារ នៃក្ដីស្រឡាញ់ ហើយដើម្បីបញ្ឈប់ពិភពលោក ពីការប្រើអំពើហិង្សា! ហើយសូមឲ្យគ្រប់គ្នានៅទីនេះ សូមនិយាយតាមខ្ញុំ! យើងរួមគ្នាតែមួយ! យើងជាមនុស្សជាតិ! យើងមានក្ដីស្រឡាញ់! យើងមានជីវិត! ហើយយើងត្រូវការសន្តិភាព!» ។
ផ្អែកតាមសមត្ថភាព និងអ្វីដែលនាងបង្ហាញ បាននាំនាងក្លាយជាម្ចាស់តំណែង Miss Grand International 2022 លំដាប់រងទី៥ ប្រចាំកម្មវិធី ហើយនេះក៏ចាត់ទុកថា ជាជោគជ័យអស្ចារ្យមួយទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកលទ្ធផលល្អ ជាបន្តបន្ទាប់នាពេលអនាគត៕

