ភ្នំពេញ៖ តារាស្រីនិយមស្លៀកពាក់សម្ញែងដើមទ្រូងដ៏សខ្ចី ទ្រលុកទ្រលន់ ម៉េងលិ ហៅអូនម៉ី ក្រោយពីបានផ្ដាច់ស្នេហ៍ជាកូនមន្រ្ដីធំនៅខេត្តកោះកុងជានិស្សិតបញ្ចប់ការសិក្សារមកពីឥណ្ឌាមក ឃើញថា នាងមិនរង់ចាំយូរឡើយនូវការសម្រេចចិត្តស្រវ៉ាចាប់ស្នេហាថ្មី ដែលសង្សារនាងលើកនេះជាបុរសវ័យក្មេង រូបសង្ហា និងថែមទាំងជាមន្រ្ដីទាហានពាក់ស័ក្ក៣ នៅជូរកងអង្គរក្សទៀតផង ។


តាមរយៈសកម្មភាពនៅលើបណ្ដាញសង្គមបានឱ្យឃើញថា ម៉េងលិ តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយសង្សារថ្មី មិនខ្វល់ពីពាក្យរិះគន់របស់មហាជនថា «បែកសង្សារមិនទាន់បានប៉ុន្មាន មានសង្សារថ្មីភ្លែត» នោះទេ ។ ជាងនេះទៅទៀតស្រីស្រស់សិចស៊ីរូបនេះ ថែមទាំងបង្ហាញខ្លួនយ៉ាងជិតស្និទ្ធជាមួយគ្រួសារគូស្នេហ៍ថ្មីរបស់នាង ទើបជាមូលហេតុនាំឱ្យមហាជនបានស្គាល់ថា តាមពិតអ្នកកំលោះរាងខ្ពស់ស្រឡះ រូបសង្ហាដូចតារាម្នាក់នេះ គឺជាប្អូនប្រុសបង្កើតរបស់អ្នកនាង ហេង សុវណ្ណភក្តិណា ដែលជាភរិយារបស់តារាចម្រៀង នី រតនា ។ ដូច្នេះទើបធ្វើឱ្យអ្នកគាំទ្រចង់ដឹងថា តើថ្ងៃអនាគត ម៉េងលិ អាចក្លាយជាប្អូនថ្លៃរបស់លោក នី រតនា បានដែរ ឬទេ?


មានមតិជាច្រើនពីសំណាក់មហាជន ជាពិសេសអ្នកនិយមតាមដានរឿងឯកជនភាពរបស់តារាក្នុងស្រុក ទាក់ទងទៅនឹកសកម្មភាពសម្ព័ន្ធស្នេហ៍របស់ស្រីស្អាត ម៉េងលិ គេកត់សម្គាល់ឃើញថា កាលពីកំលុងឆ្នាំ ២០១៧ នាងបានសាងស្ពានមានមេត្រីស្នេហ៍ជាមួយលោក ចឺម តែមិនបានប៉ុន្មានផងក៏បានបែកគ្នា ដោយម្នាក់ៗបានងាកទៅផ្ដើមស្នេហ៍ថ្មីរៀងៗខ្លួន ហើយ ម៉េងលិ ក៏បានទាក់ទងគ្នាជាមួយអតីតគូស្នេហ៍របស់នាងជា កូនប្រុសមន្រ្ដីធំនៅខេត្តកោះកុង និងជានិស្សិតបញ្ចប់ការសិក្សារមកពីឥណ្ឌា ។ យ៉ាងណាមិញគេទាំងពីនាក់ស្រឡាញ់គ្នាបានរយៈពេលយូរគួរសម បើទោះជាមានព័ត៌មានបែកបាក់គ្នាជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែចុងក្រោយនេះ គឺ ម៉េងលិ សម្រេចចិត្តដើរចេញក្រោមហេតុផលមួយចំនួន ជាពិសេសនាងបានទម្លាយថា អតីតគូស្នេហ៍បានបោកលុយនាងជាច្រើនម៉ឺនដុល្លារទៀតផង ។


ដូចពាក្យចាស់ពោលថា «ធ្វើស្រែទាន់ក្ដៅដី» ចំណែក ម៉េងលិ ក៏បានយកសង្សារថ្មីទាន់ចិត្តខឹង ពោលគឺគ្រាន់តែមានព័ត៌មានបែកស្នេហ៍ភ្លាម បានរយៈពេលមិនទាន់បាន១ខែស្រួលបួលផង នាងក៏បានបង្ហាញមុខគូស្នេហ៍ថ្មីតែម្ដង ដែលជាកូនប្រុសរបស់អ្នកជំនួញធំម្នាក់ក្នុងប្រទេសឈ្មោះលោក ហេង សុវណ្ណ ម្ចាស់ក្រុមហ៊ុន មង្គលសុវណ្ណត្រឌីង និងជាអគ្គនាយកស្ថាននីយវិទ្យុ មង្គលសវណ្ណ ដែលជាប្រពន្ធផ្សព្វផ្សាយដ៏ធំ គ្របដណ្ដប់ទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះលោក ក៏ជាអ្នកជំនួញនាំចូលផលិតផលថែរក្សាសុខភាព រក្សាសម្រស់ និងជីសរីរាង្គអាក្រូសូល ផងដែរ ។ ដូច្នេះចាំមើលថា តើ ស្រីស្អាត អៀ ម៉េងលិ អាចក្លាយទៅជាប្អូនថ្លៃពេញច្បាប់របស់លោក នី រតនា ឬអត់? បើដំណាក់កាលនេះ នាងបានបង្ហាញខ្លួនពេញយ៉ាងជិតស្និទ្ធជាមួយគ្រួសារខាងប្រុសទៅហើយ ៕
ដោយ៖ ម៉ានី


