ភ្នំពេញ៖ ក្រោយពីបែកធ្លាយបទចម្រៀងម្តងជាពីរដង តារារ៉េប វណ្ណដា សម្រេចចិត្តបោះបង់ចោលទាំងអស់ រាល់បទដែលបានបែកធ្លាយ លើបណ្តាញសង្គម ដោយអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដូចមនុស្សកំពុងបាក់ទឹកចិត្ត ដែលធ្វើឱ្យមហាជនសោកស្តាយ នឹងព្រួយបារម្ភផ្លូវចិត្តរបស់ វណ្ណដា យ៉ាងខ្លាំង ព្រោះត្រូវគេក្បត់ម្តងហើយម្តងទៀត។

បន្ទាប់ពីសម្រេចចិត្តបោះបង់ចម្រៀង ដែលខ្លួនខំផលិតហើយ ដៃគូផលិតចម្រៀងមួយរូប គឺលោក សង្ហា បានសម្រេចចិត្តបង្ហោះសារ ជុំវិញដើមហេតុរឿងរ៉ាវ ដែលបានបែកធ្លាយ និងយល់ស្របតាមការលើកឡើងរបស់ វណ្ណដា មិនបន្តផលិតបទដែលបានបែកធ្លាយ។
តាមរយៈសាររបស់លោក សង្ហា នៅថ្ងៃទី១៥ ខែវិចិ្ឆកា នេះលោកបានរៀបរាប់ថា «ចាប់តាំងពីឆ្នាំ2016មក ខ្ញុំជាមនុស្សម្នាក់ ដែលបានចូលរួម ផលិតចម្រៀងវណ្ណដា ជាមួយវណ្ណដា រាប់ចាប់ទាំងពី បទ“ ឈឺទេ រហូតដល់ Skull II (Season I ) ឯកសារចម្រៀង ដែលបានចេញជាផ្លូវការ និងមិនទាន់ផ្លូវការទាំងអស់គឺ ស្ថិតក្រោមការ ថែរក្សារបស់ខ្ញុំ ។

ដើមហេតុនៃការបែកបទចម្រៀង របស់លោកវណ្ណដា គឺត្រូវបានគេលួចចំលង ចេញពីកុំព្យូទ័រស្ទូឌីអូផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ថ្ងៃទី08 ខែកក្កដា ឆ្នាំ2022 ខ្ញុំបានទទួលដំណឹង ពីការបែកធ្លាយនូវបទ J+O ll (Demo) ដែលមិនទាន់មានគំម្រោងក្នុងការចេញ ។ ខ្ញុំបានសហការជាមួយក្រុមការងារ ដើម្បីរកប្រភពដើមនៃការបែកធ្លាយ ហើយក៏ដឹងថាបុគ្គលម្នាក់នោះជា ក្មេងម្នាក់ដែលខ្ញុំបានផ្ដល់ឪកាស អោយគាត់បាន ចូល Studio ដើម្បីផលិតបទផ្ទាល់ខ្លួនរបស់គាត់ ហើយមានឪកាសបានដុសខាត់ សមត្ថភាពរបស់ខ្លួន ទាំងដែលគាត់ មិនមែនជាសមាជិតរបស់ពួកយើង ( La Cima Cartel & Baramey Crew) ។
ពួកយើង (Baramey Crew) ព្យាយាមលាក់ពត៌មាននេះ ពីវណ្ណដា ព្រោះមិនចង់អោយគាត់ បែកអារម្មណ៌មិនអាចបំពេញ ភារកិច្ចដែលគាត់កំពុងផ្ដោតបាន ខ្ញុំពិតជាមានអារម្មណ៏សោកសៅ ចំពោះសម្លាញ់ (វណ្ណដា) ជាខ្លាំង គាត់ជាបុគ្គលម្នាក់ ដែលឆ្លងការលំបាកជាមួយខ្ញុំច្រើន ទំរាំតែយើងមកដល់ចំណុចនេះហើយ” មានថ្ងៃនេះ “ ហើយគាត់ជាមនុស្សម្នាក់ ដែលធ្វើអោយមហាជន ទទួលស្គាល់ សមត្ថភាព និង ស្នាដៃរបស់ខ្ញុំផងដែរ ។ អរគុណសម្លាញ់ ដែលនៅតែមានទំនុកចិត្តចំពោះខ្ញុំ “Trust nobody but our Company“ ខ្ញុំគាំទ្រការសម្រេចចិត្ត មិនផលិតបន្តនូវបទ ដែលបានបែកធ្លាយ !»។
លោកបន្តថា « រឿងហេតុទាំងអស់ កើតចេញមកពីការធ្វេសប្រហែសរបស់ខ្ញុំទាំងអស់ ។ ខ្ញុំត្រូវបានគេលួចឯកសារ កាងាររបស់ខ្ញុំ ។ ក្រុមហ៊ុនធ្លាប់ប្រាប់ខ្ញុំអោយ ប្រុងប្រយ័ត្ន ជាច្រើនលើក ជាច្រើនសារ ប៉ុនែ្តខ្ញុំនៅតែធ្វើមិនបាន ព្រោះអតីតកាលខ្ញុំ ក៏ធ្លាប់ជាក្មេងប្រុសម្នាក់ ដែលចង់ចេះចង់ដឹង ចង់រៀនសូត្រ ហើយក៏ធ្លាប់ជាក្មេងម្នាក់ ដែលពុំសូវមានឪកាសច្រើនដែរ ! ពេលនេះគឺជាពេលដែលខ្ញុំខកចិត្តបំផុត សំរាប់ទង្វើដែលបានធ្វើ ត្រូវសងមកវិញ ដោយការបំផ្លាញ អនាគតរបស់ខ្ញុំទាំងមូល និងទំនុកចិត្តរបស់ដៃគូសហការ នឹងក្រុមហ៊ុនទាំងមូលរបស់ខ្ញុំ ។ ការងារដែលបានផលិត កិត្តិយសដែលបានសាងរាប់ឆ្នាំ គឺត្រូវទទួលលទ្ធផល ត្រឹមពាក្យមួយមាត់ គឺ “ខ្ញុំ Unprofessional“ ការខាត់បង់របស់ខ្ញុំគឺ ខ្ញុំផ្ដល់ឪកាសខុសមនុស្ស ស្រលាញ់ខុសមនុស្ស: ឡានឲ្យបើក ផ្ទះឲ្យចូល កុំព្យូទ័រឲ្យចុច កំហុសមួយនេះគឺជាមេរៀនដ៏ធំ សម្រាប់ជីវិតខ្ញុំរហូតធ្វើឲ្យខ្ញុំសម្រេចចិត្ត ចាកចេញមករស់នៅក្រៅតែម្នាក់ឯង ហើយខ្ញុំបានសម្រេចចិត្តផ្លាស់ប្ដូរ របៀបធ្វើការជាច្រើនទៀត បច្ចុប្បន្ន File ទាំងអស់គឺមិន ស្ថិតក្រោមការ ថែរក្សារបស់ខ្ញុំទៀតទេ File ទាំងអស់ ត្រូវបានផ្លាល់ប្ដូរអ្នកថែរក្សាហើយ វាគឺជាវិធានការយុត្តិធម៍ និងសមហេតុផល ហើយយោគយល់បំផុតសំរាប់ខ្ញុំ ។
ខ្ញុំសូមទោសបើសិនជាថ្ងៃក្រោយ ខ្ញុំនិងវណ្ណដា មិនបានផ្ដល់ឪកាស អោយមនុស្សជំនាន់ក្រោយ អ្នកអាចចាប់ទុកពួកខ្ញុំថាជាមនុស្ស អាត្មានិយមបាន ចាប់ពីពេលនេះទៅគឺយើង សុំតែអភិវឌ្ឍតន្ត្រីបានហើយ រឿងអភិវឌ្ឍធនធាន គឺសូមចប់ត្រឹមនេះ មិនមែនមកពីអស់ទំនុកចិត្ត លើមនុស្សគ្រប់គ្នាទេ គឺពួកខ្ញុំសូមសិទិ្ធការពារផ្លូវចិត្ត ដើម្បីរក្សាបាននូវជំហរ ឈរដ៏រឹងមាំក្នុងការផលិតស្នាដៃល្អៗ ដើម្បីបំពេញអោយបាន តាមតម្រូវការ និងចក្ខុវិស័យរបស់សិល្បៈ ក្នុងប្រទេសយើងទាំងមូល »៕ ដោយ៖ ម៉ានី



