ភ្នំពេញ ៖ កាលពីពេលថ្មីនេះៗ ប្រជាជនកម្ពុជា អ្នកប្រើប្រាស់បណ្តាញសង្គម បានចាប់អារម្មណ៍ ទៅលើព្រះអង្គម្ចាស់អាប់ឌុល ម៉ាទីន ជាបុត្រា នៃស្ដេចព្រុយណេដារូហ្សាឡឹម ដែលទ្រង់ទើបយាងមកប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ។
អ្វីដែលកាន់តែក្តៅគគុក លើបណ្តាញសង្គមនោះ មហាជនអ្នកប្រើប្រាស់បណ្តាញ សង្គមរិះគន់យ៉ាងខ្លាំង ទៅលើតារាប្រុស ទ្រីវ ថនដេវិដ ដែលបានប្រើពាក្យសម្តី អសុរោះ ទៅលើព្រះអង្គម្ចាស់ព្រុយណេ អាប់ឌុល ម៉ាទីន ដែលវីដេអូនេះ ជាការបង្ហោះលើ Story IG និងនៅលើ TikTok របស់តារាស្រី គង់ ចាន់ស្រីមុំ ។

ការនិយាយលេងសើច ដោយមិនពិចារណា របស់អ្នកទាំងពីរនេះ ក៏ត្រូវមហាជន ប្រើប្រាស់បណ្តាញសង្គមរិះគន់យ៉ាងខ្លាំង រហូតស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទៅលើអ្នកទាំងពីរ ព្រោះការនិយាយលេងសើច របស់ពួកគេនឹងជះផលអវិជ្ជក្នុងន័យប្រមាថ ទៅដល់រាជវង្សប្រទេសដទៃ។

ជាមួយគ្នានេះដែរ ក្រោយពីមានការរិះគន់ ទៅលើសកម្មភាពខាងលើ ហើយនោះ អ្នកនាង គង់ ចាន់់ស្រីមុំ និង ដេវិដ ក៏បានចេញមុខសូមទោស បងប្អូននៅលើបណ្ដាញសង្គម ដោយព្រមទទួលស្គាល់ កំហុស អចេតនាមួយនេះ ប៉ុន្តែយ៉ាងណាមិញ នៅមានមហាជន មួយចំនួននៅតែបន្តមិនព្រម ស្ងាត់ឡើយដោយ លើកឡើងថា ការសូមទោសនេះគ្រាន់តែជាការភ័យខ្លាចប៉ុណ្ណោះ ព្រោះសកម្មភាពរបស់លោក ដេវិដ ពោលពាក្យអសុរោះ ទៅលើព្រះអង្គម្ចាស់ព្រុយណេ អាប់ឌុល ម៉ាទីន នោះពុំមែនជារឿងអចេតនាឡើយ ពោលគឹជាចេតនាច្បាស់ណាស់ ៕

ដោយ៖ ម៉ានី

