ភ្នំពេញ៖ អ្នកលក់អនឡាញ និងជាមេតុងទីនល្បីឈ្មោះ ម៉ូលីកា មានរឿងចម្រូងចម្រាស់ជាបន្តបន្ទាប់ ក្រោយពីមានរឿងអាស្រូវ ជំពាក់លុយកូនតុងទីន ពេលនេះក៏មានរឿងថ្មីត្រូវ មហាជនរិះគន់ចាស់ដៃ ព្រោះតែប្រើពាក្យមិនសមរម្យថា សឿ សុធារ៉ា ឆ្កួត ។
ក្រោយពីមហាជនរិះគន់ខ្លាំងក្លានោះ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ម៉ូលីកា បានចេញសារសុំទោសដល់ សឿ សុធារ៉ា ភ្លាមៗ ដោយក្នុងសំណេរនោះ នាងបានរៀបរាប់ថា «នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណៈជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយ ដោយអចេតនាប៉ះពាល់កិត្តិយស បងស្រី សឿ សុធារ៉ា និងធ្វើអោយបងប្អូន ក្នុងបណ្តាញសង្គមទាំងអស់ មានការខឹងសម្បារលើរូបនាងខ្ញុំ ដូចនេះ ថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយ ដែលនាងខ្ញុំធ្វេសប្រហែស មិនបានប្រយ័ត្ន»។
មេតុងទីនខាងលើនេះ បន្តទៀតថា « បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោស ចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថា នឹងមិនអោយមានរឿងបែបនេះ កើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះ»៕ ដោយ៖ ម៉ានី