ភ្នំពេញ៖ អតីតតារាចម្រៀងល្បីឈ្មោះលោក សាពូន មីដាដា ត្រូវបានមហាជនរិះគន់ជាខ្លាំង ក្រោយពីលោកបានបញ្ចេញសារមួយផ្ញើជូនកូនស្រីច្បងរបស់លោកឈ្មោះ សាពូន មីដាដាភិមាន ឱ្យព្យាយាមរស់ក្នុងជីវភាពសាមញ្ញ កុំប្រឡូកក្នុងសិល្បៈ និងសុំឱ្យកូនស្រីយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹង ។
គួរឱ្យដឹងដែរថា កូនស្រីច្បងរបស់លោក សាពូន មីដាដា ឈ្មោះ សាពូន មីដាដាភិមាន កាលពីប៉ុន្មានថ្ងៃមុននេះ បានថតវីដេអូឃ្លីបលេងឧបករណ៍តន្ត្រីព្រមទាំងច្រៀងបទចម្រៀង «ពុកអើយ ម៉ែអើយ» ជាសំនៀងដើមរបស់លោកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ក្រោយពីបានឃើញវីដេអូនេះ លោក សាពូន មីដាដា ក្នុងនាមជាឪពុកបានរំជួលចិត្តជាខ្លាំង និងបង្ហោះសារខ្លីមួយតបទៅកូនស្រីវិញ ដោយមានខ្លឹមសារទាំងស្រុងថា «កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សំរានលក់ស្រួល កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បះដូចឪពុកទេ 9ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បះដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន» ។
ជុំវិញនឹងសំណេរខាងលើនេះផងដែរ បានបណ្ដាលឱ្យមានមហាជនជាច្រើនមិនពេញចិត្ត ថែមទាំងបន្ទោសលោក សាពូន មីដាដា ថាជាឪពុកគ្មានទំនួលខុសត្រូវ បង្កើតកូនហើយ បែជាយករួចខ្លួនតែឯងខណៈអ្នកនាង សឿ សុធារ៉ា ជាម្ដាយកំពុងមានបញ្ហាសុខភាព សតិមិនប្រក្រតី ។
យ៉ាងណាមិញ សម្រាប់លោក សាពូន មីដាដា ពុំឃើញមានប្រតិកម្មអ្វីឡើយ បើទោះជាមានការលើកឡើងពីសំណាក់មហាជនយ៉ាងដូច្នេះក្ដី ហើយក៏មិនទាន់ដឹងច្បាស់ថា តើស្ថានភាពលោក សាពូន មីដាដា ក្នុងពេលនេះបែបណាដែរ ទើបលោកហាក់ដូចជាផ្ដាច់ខ្លួនយ៉ាងស្ងប់ស្ងាត់ មិនបង្ហាញមុខយកកូនស្រីទៅមើលថែបណ្ដោយឱ្យនាងរស់នៅជាមួយម្ដាយដែលកំពុងមានបញ្ហាសុខភាពក្នុងទីវត្តអារ៉ាម ៕ ដោយ៖ ម៉ានី




