ភ្នំពេញ៖ មហាជនមួយចំនួននៅតែនឹកឃើញពីកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ ឌីជេ ក្តិប នាអំឡុងឆ្នាំ២០០០ជាង ព្រោះការរ៉េប ការច្រៀងរបស់លោកទទួល បានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ យ៉ាងណាមិញ ឌីជេ ក្តិប ក៏បានបាត់មុខពីវិស័យសិល្បៈ ដោយសារតែមានបញ្ហាផ្ទាល់ខ្លួន ព្រមទាំងមានជំងឺប្រចាំកាយផងដែរ។
ទោះជាយ៉ាងណា ឌីជេ ក្តិប បានធ្វើឱ្យអ្នក គាំទ្ររំភើបចិត្តម្តងទៀត ព្រោះឌីជេ រូបនេះបានប្រកាសវិលមក កាន់អាជីព សិល្បៈ វិញ កាលពីឧសភា ។
អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកនោះ មានហ្វេកប៊ុកមួយ បាន បង្ហោះវីដេអូ ឌីជេ ក្តិប ឡើងច្រៀងបទ «បើកលុយ» នៅក្នុងក្លឹបកម្សាន្តមួយណាពេលថ្មីៗនេះ ដែល ជាបទល្បីមួយបទរបស់លោក ខេមរៈ សិរីមន្ត ព្រមទាំងទទួល បាន ការសាទរយ៉ាងខ្លាំង និងមានអ្នកជជែកវែកញែករឿងលោកជាច្រើន ថាលោកមកលើកនេះកាន់តែកាចជាងមុន។
មិនត្រឹមតែមហាជនស្វាគមន៍ការវិលត្រលប់មកវិញរបស់ ឌីជេ ក្តិប ប៉ុណ្ណោះទេ តែសម្រាប់អ្នកសិល្បៈមួយចំនួនក៏បានស្វាគមន៍ការវិលត្រលប់របស់លោកដូចគ្នា ព្រមទាំងលើកឡើងទៀតថា ឌីជេ ក្តិប នឹងល្បីដូចមុន ព្រោះលោកគឺជា Legend ម្នាក់ក្នុងវិស័យនេះជាមួយទេពកោសល្យសិល្បៈរបស់លោក៕ ដោយ៖ ម៉ានី



