ហ្ស៊ឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា លោកស្រី Angelina Jolie បានប្រកាសកាលពីថ្ងៃសុក្រថា លោកស្រីកំពុងលាឈប់ពីតួនាទី ជាបេសកជនពិសេសរបស់ UNHCR បន្ទាប់ពីធ្វើការអស់រយៈពេលជាង២០ឆ្នាំ ជាមួយទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ ។
តារាសម្តែងហូលីវូដវ័យ៤៧ឆ្នាំរូបនេះ បានបំពេញបេសកកម្មជាង៦០ជាមួយ UNHCR ដោយបានឆ្លុះបញ្ចាំងពីស្ថានភាព នៃមនុស្សរាប់លាននាក់ ដែលបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ។
លោកស្រី Jolie បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពី២០ឆ្នាំ ធ្វើការនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ខ្ញុំមានអារម្មណ៍ថា វាដល់ពេលហើយសម្រាប់ខ្ញុំ ដើម្បីធ្វើការខុសគ្នា ដោយចូលរួមដោយផ្ទាល់ ជាមួយជនភៀសខ្លួន និងអង្គការក្នុងស្រុក និងគាំទ្រការតស៊ូមតិរបស់ពួកគេ សម្រាប់ដំណោះស្រាយ” ។
“ខ្ញុំនឹងបន្តធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំ នៅក្នុងប៉ុន្មានឆ្នាំខាងមុខដើម្បីគាំទ្រជនភៀសខ្លួន និងជនភៀសខ្លួនផ្សេងទៀត” ។
UNHCR បានប្រសិទ្ធិនាមលោកស្រីថា ជាអ្នកគាំទ្រសិទ្ធិជនភៀសខ្លួន ដ៏មានឥទ្ធិពលបំផុតមួយរូប ។
តារាអាមេរិកដែលឈ្នះពានរង្វាន់ Oscar បានធ្វើការជាមួយ UNHCR តាំងពីឆ្នាំ២០០១ ហើយបានក្លាយជាបេសកជនពិសេស ក្នុងឆ្នាំ២០១២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា