បរទេស៖ ញត្តិតាមអ៊ិនធ័រណេត ប្រឆាំងនឹងតារាភាព យន្ដក្បាច់គុន Donnie Yen ឬ កុំកុំ ដែលបង្ហាញពាន រង្វាន់នៅ Oscars ត្រូវបានបោះពុម្ព កាលពីសប្តាហ៍មុន ហើយបានទទួលហត្ថលេខាជាង ៩០ ០០០ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ អ្នកដាក់ញត្តិចោទលោក Yen ហៅកុំកុំថា បានគាំទ្របក្សកុម្មុយនិស្តចិន (CCP) ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ញត្តិតាមអ៊ិនធ័រណេតនេះ ត្រូវបានចាប់ផ្តើមដោយសកម្មជន ហុងកុងដ៏ល្បីឈ្មោះ Tong Wai-Hung ។ អត្ថបទដែលបានបង្ហោះ នៅលើគេហទំព័រ Change.org អះអាងថា កុំកុំ បានធ្វើ “ការកត់សម្គាល់ជាច្រើន ក្នុងការគាំទ្រ គោលនយោបាយ របស់រដ្ឋាភិបាលចិន” និងបានហៅក្រុមបាតុករហុងកុងក្នុងឆ្នាំ ២០១៩ ថាជា “កុប្បកម្ម” ។
លោក Tong បាននិយាយថា “ការលើកឡើងទាំងនេះ មិនត្រឹមតែរំលោភលើស្មារតីនៃសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបដិសេធសិទ្ធិ របស់ប្រជាជនហុងកុងក្នុងការ តស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេផងដែរ។” ដូច្នេះហើយ ញត្តិជំរុញឱ្យ Oscars លុបចោលការបង្ហាញខ្លួនរបស់ កុំកុំ នៅក្នុងពិធីនេះ ដែលបច្ចុប្បន្នគ្រោងធ្វើនៅថ្ងៃទី ១៣ ខែមីនា។
លោក Donnie Yen ឬគេស្គាល់ជាទូទៅថា កុំកុំ អាយុ ៥៩ឆ្នាំគឺជាតារាភាពយន្តបែប Action វាយតប់ ដែលគេស្គាល់ថាដើរតួជា Ip Man ដែលជាគ្រូនៃខ្សែភាពយន្តក្បាច់គុន Bruce Lee នៅក្នុងស៊េរីខ្សែភាពយន្តដែលមានឈ្មោះចន្លោះឆ្នាំ ២០០៨ និង ២ឥ១៩ ។ ភាពយន្តអាមេរិករបស់លោករួមមាន Rogue One: A Star Wars Story និង John Wick វគ្គថ្មី Chapter 4។
នៅក្នុងបទសម្ភាសន៍ខែកុម្ភៈជាមួយ GQ លោក Yen បាននិយាយថា លោកជាជនជាតិចិន ដែលមានមោទនភាព ហើយថែមទាំងរិះគន់ប្រព័ន្ធ ផ្សព្វផ្សាយលោកខាងលិច ចំពោះការផ្តោតលើរឿង អវិជ្ជមានអំពីស្រុក កំណើតរបស់លោក ខណៈដែលលោកមិន បានអើពើនឹងវឌ្ឍនភាព ដែលទីក្រុងប៉េកាំង បានធ្វើ ។ អត្ថបទនោះក៏បានលើកឡើងដែរថា «ស្នេហាជាតិរបស់កុំកុំ អាចធ្វើឲ្យគាត់មានបញ្ហា»៕