នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬហៅថា ជាថ្ងៃវារៈឡើងស័ក ដែលប្រជាជនតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
ថ្ងៃវារៈឡើងស័ក គឺជាការផ្លាស់ប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ។ ថ្ងៃទីបីនេះ ជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទ ត្រូវយកទឹកដែលហូរចេញពីព្រះ គេយកទៅលុបលាងមុខដើម្បីបណ្ដេញនូវឧបទ្រពចង្រៃ។
ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោក មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។
បងប្អូនត្រូវចងចាំថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេព្រះរស់នេះហើយ គឺជាព្រះដែលតែងតែនៅក្បែរមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាមិនអៀនដៃសំពះព្រះរស់របស់ខ្លួនឯង៕ Source: Sabay