កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អនាគតរបស់នាង Lisa សមាជិកក្រុម BLACKPINK នៅផលិតកម្ម YG Entertainment កាន់តែមានភាពមិនច្បាស់លាស់ ខណៈកិច្ចសន្យាផ្តាច់មុខរបស់នាងនឹងផុតកំណត់នៅខែសីហា។
មានពាក្យចចាមអារ៉ាមថា ការពិភាក្សាដើម្បីបន្តកុងត្រារបស់នាង មិនទាន់ទទួលបានផ្លែផ្កាទេ ដោយភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀង។
YG Entertainment សង្ឃឹមថានឹងមានដំណោះស្រាយមុនថ្ងៃផុតកុងត្រា ប៉ុន្តែការខ្វែងគំនិតគ្នារវាងភាគីទាំងពីរហាក់ដូចជាមានភាពសំខាន់ខ្លាំងណាស់។
ការរំពឹងទុកថ្មីៗអំពីកិច្ចសន្យារបស់ Lisa បានកើតឡើងដំបូងពីប្រភពចិន។
ទីភ្នាក់ងារចិនដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា យើងបានសម្របសម្រួលកាលវិភាគរបស់ YG និង Lisa ប៉ុន្តែវាពិបាកក្នុងការពិភាក្សាអំពីកាលវិភាគបន្ទាប់ពីខែសីហា ព្រោះការបន្តកុងត្រាជាមួយ Lisa គឺមិនច្បាស់លាស់។
នៅថ្ងៃទី ១២ ខែកក្កដា YG បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា វាគឺដោយសារតែដំណើរកម្សាន្ត និងកាលវិភាគផ្ទាល់ខ្លួន ហើយវាមិនមានជាប់ទាក់ទងនឹងស្ថានភាពកិច្ចសន្យាទេ ។ ទោះបីជាស្លាកសញ្ញានេះមិនបានបង្ហាញពីជំហរច្បាស់លាស់លើការបន្តកិច្ចសន្យាក៏ដោយ ក៏ YG បានទទួលស្គាល់ថាថ្មីៗនេះ ខ្លួនបានរៀបចំកាលវិភាគរបស់ Lisa តាមរយៈទីភ្នាក់ងារចិន។
ផ្ទុយពីស្ថានភាពរបស់ Lisa ដំណើរការ នៃការបន្តកុងត្រារបស់ YG ជាមួយសមាជិកបីនាក់ទៀតរបស់ BLACKPINK ត្រូវបានគេរាយការណ៍ថាមានដំណើរការកាន់តែ រលូន។
អ្នកខាងក្នុងបានបញ្ជាក់ថា ភាពខុសគ្នារវាងភាគីត្រូវបានរួមតូច ហើយទំនងជាសមាជិកទាំង៣នឹងបន្តកុងត្រាជាមួយ YG៕ ដោយ៖លី ភីលីព