តារាសម្ដែអងដ៏មានប្រជាប្រិយ Cha Chung Hwa ត្រៀមខ្លួនចូលរោងការជាមួយនឹងគូដណ្ដឹងដែលជាអ្នកជំនួញ និងមានវ័យក្មេងជាងនាង នៅចុងខែនេះហើយ។

ផ្អែកសេចក្ដីរាយការណ៍របស់ TV Daily បានឲ្យដឹងថា តារាសម្ដែង Cha Chung Hwa នឹងរៀបការនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងគូដណ្ដឹងមានវ័យក្មេងជាង ដែលជាអ្នកជំនួញ។ អ្នកទាំងពីរបានស្គាល់គ្នាយូរខែឆ្នាំមកហើយ មុនសម្រេចចិត្តទាក់ទងមើលចិត្តគ្នា និងឈានដល់ការរៀបការ។ ដោយសារតែគូដណ្ដឹងរបស់ Chung Hwa ពុំមែនជាអ្នកសិល្បៈ ដូច្នេះពិធីមង្គលការអាចនឹងរៀបចំឡើង ដោយមិនបង្ហាញអ្វីអធិកអធមទេ ពោលគឺមានការចូលរួមតែសាច់ញាតិគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធប៉ុណ្ណោះ។

Cha Chung Hwa បង្ហាញមុខក្នុងពិភពសិល្បៈដំបូងនៅឆ្នាំ ២០០៦ ក្នុងរោងមហោស្រព រហូតដល់ឆ្នាំ ២០១០ នាងបានវិតវត្តខ្លួនក្លាយជាតារាសម្ដែងនៅក្នុងខ្សែភាពយន្ត។ តារាស្រីរូបនេះត្រូវបានគេស្គាល់ច្បាស់តាមរយៈរឿង «Mr. Queen», «Crash Landing on You» និង «Hometown Cha-Cha-Cha»។

ឆ្លើយតបនឹងព័ត៌មានដែលបានចេញផ្សាយដោយ សារព័ត៌មាន TV Daily ក្រុមហ៊ុន IOK របស់តារាសម្ដែង Cha Chung Hwa ក៏បានចេញសេចក្ដីបញ្ជាក់ដែរថា៖ «Cha Chung Hwa នឹងរៀបការនៅថ្ងៃទី ២៧ ខែតុលា ខាងមុខ។ សូមយោគយល់ដោយជ្រាបថា អនាគតស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈទេ ដូច្នេះពួកយើងមិនអាចលម្អិតពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកបានឡើយ»៕ ប្រភព៖sabay
