និយាយពីឈ្មោះនាយ វ៉ុំាងដឺ ដែលមានឈ្មោះពិតថា យិន សារឹម ប្រាកដជាមានប្រិយមិត្ត មិនតិចទេនៅចាំនៅស្គាល់ថាជា តារាកំប្លែងដ៏ល្បីប្រមាណ ២០ឆ្នាំមុន។ នាយ បានបាត់បង់ជីវិតទៅជាមួយមន្ទិលមួយចំនួន មុនពេលកូនប្រុសម្នាក់ បានចេញមកបញ្ជាក់ការ ពិតនៅពេលនេះ។

មានរូបរាងស្គម ទឹកមុខពូកែកំប្លុកកំប្លែង កាលពីប្រមាណជាង ២០ឆ្នាំមុន នាយ វ៉ាំងដឺ បានឆក់យកការគាំទ្រ ភ្លូកទឹកភ្លូកដី ជាមួយទេពកោសល្យពិសេសមួយ គឺការនិយាយភាសាខ្មែរ យកសំឡេងសូរដូចភាសា វៀតណាម ។
យ៉ាងណា ទេពកោសល្យនេះ ក៏បានធ្វើឲ្យនាយជួបបញ្ហាខ្លះខ្លះមកវិញផងដែរ ។ នេះបើតាមដំណក់ឈាមតែ១គ្រាប់ គត់របស់លោកដែលនៅមានជីវិតមកដល់សព្វថ្ងៃ ។
លោក យឹម ធីដេត ដែលអះអាងថា ជាកូនប្រុសបង្កើតរបស់នាយ វ៉ាំងដឺ ប្រាប់ឲ្យដឹងថា ដោយសារមានរូបរាង និងសំឡេង និយាយពេលសម្ដែងរឿង ដូចភាសាវៀតណាមនោះ ទើបមានការសង្ស័យថា លោកឪពុករបស់លោក មិនមែនជាជនជាតិខ្មែរ តែតាមពិតអ្នកមានគុណលោកជាជនជាតិខ្មែរមួយរយភាគរយ ។

ធីដេត ប្រាប់ទៀតថា ការដែលប្រិយមិត្តតែងតែឃើញលោកឪពុកខ្លួន និយាយខ្មែរសូរដូចវៀតណាមនោះ ក៏ដោយសារតែធ្វើទៅតាមការអ្នកដឹកនាំរឿងប៉ុណ្ណោះ នៅក្រៅការសម្ដែងគឺលោក និយាយខ្មែរក្នុងសំនៀងធម្មតា ។
ក្រៅពីស្រាយមន្ទិលខាងលើ លោក យឹម ធីដេត ក៏នៅលើកករណីទី២ទៀត ដែលមានចចាមអារ៉ាមថា លោកឪពុកលោក គឺនាយវ៉ុំាងដឺ ស្លាប់ដោយសារជំងឺអេដស៍។ ចំពោះករណីនេះ កូនប្រុសច្បងរូបនេះ បានគូសបញ្ជាក់ថា មិនមែនជាការពិតនោះទេ។
លោក លើកឡើងថា អ្នកមានគុណកាល នៅរស់ចូលចិត្តពិសាស្រា និងបារីច្រើនពេក ទើបធ្វើប៉ះពាល់ទៅដល់ថ្លើម និងសួតធ្ងន់ធ្ងរ ។ ដល់ដំណាក់មួយ លោកឪពុកបានធ្លាក់ខ្លួនឈឺ និងបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ទៅនៅអំឡុងឆ្នាំ ២០០២ ។
