សិល្បៈ និង កម្សាន្ត

លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ៖ ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាព បច្ចេកទេស ដល់ក្រុមអត្តពលិករាំកម្ពុជា ត្រៀមប្រកួតកីឡារាំអន្តរជាតិនានា

ភ្នំពេញ ៖ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត អគ្គទីប្រឹក្សាផ្ទាល់សម្តេច ព្រះអភិសិរីសុគន្ធ មហាសង្ឃរាជគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាងតូច ជេនណា នរោត្តម ជាទូតសុឆន្ទៈសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ញ៉ូម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជា ប្រធាន សហព័ន្ធកីឡារាំកម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាកិត្តិយស ក្នុងពិធីបើកការបកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នៅដំបូកទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និង កីឡាដែលបានមានគោលការណ៍ ឲ្យសហព័ន្ធកីឡារាំកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ឲ្យកើតឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថិភាពបច្ចេកទេស ដល់កីឡាករ-កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការ ប្រមែប្រមូលធនធាន កីឡាករ-កីឡាការិនី មានសក្តានុពលចូលរួម ប្រកួតជ្រើសរើសជើងឯក កីឡារាំថ្នាក់ជាតិឆ្នាំ ២០២៣ ត្រៀមចូលរួមប្រកួតកីឡារាំ អន្តរជាតិ នានានៅពេលខាងមុខនេះ ។

លោកស្រីឧកញ៉ា បានបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា មានការអភិវឌ្ឍន៍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ-កីឡាការិនី និងសមត្ថិភាពនៃការចូលរួម ប្រកួតថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ។ ការប្រកួតកីឡារាំនៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹងបទពិសោធន៍ បច្ចេកទេស ថ្មីៗ និងទេពកោសល្យរបស់កីឡាករ -កីឡាការិនីបានធ្វើការហ្វឹកហាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយនាំយកមកប្រកួតប្រជែង នៅក្នុងថ្ងៃនេះ ។

លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានបន្ថែមទៀតថា កីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំយកចិត្តទុក ដាក់គោរពនូវបទបញ្ជាប្រកួតនានា ដែលសហព័ន្ធកីឡារាំកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកបានចែងឡើង រក្សានូវស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួនក្នុងពេលប្រកួត ប្រឹងបញ្ចេញឲ្យ អស់ពីសមត្ថភាពដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ខ្លួនឯង ពិសេសត្រៀមខ្លួនចេញទៅប្រកួតលើឆាក អន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៩ ខាងមុខប្រកបដោយជោគជ័យ ។

លោកស្រ្តី ញ៉ែម មរកត ក៏បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា ខ្ញុំសូមមន្ត្រីថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុងសហការគ្នា បង្កើនភាពស្និតស្នាលស្វាហាប់ ក្នុងការងារជំនាញកីឡារាំឲ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួត កីឡារាំអន្តរជាតិនានា នៅពេលខាងមុខនេះ។ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ លើ២៣ប្រភេទវិញ្ញាសា រួមមាន៖ វិញ្ញាសា រាំគូ Latin Dance និង វិញ្ញាសា Standard Dance មានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី ចំនួន៥០ នាក់ មកពីក្លឹបចំនួន៦ក្លឹប ក្នុងនោះមានក្លឹបមហាផ្ទៃ ក្លឹបកងទ័ពជើងទឹក ក្លឹបរខេត្តកណ្ដាល ក្លឹបខេត្តកំពង់ចាម ក្លឹប Joy School នឹងប្រព្រឹត្តទៅនៅពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងនាពេលនេះ។

លោកស្រីប្រធានបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមដំបូលនៃសន្តិភាព វិស័យកីឡា និងចលនាអូឡាំពិកកម្ពុជា បានបោះ ជំហានយ៉ាងស្វាហាប់ និងសកម្មបំផុតឆ្ពោះទៅសមាហរណកម្មកម្រិតសមត្ថភាពកីឡាកម្ពុជាទៅក្នុងតំបន់ ទ្វីប និងពិភពលោក ។ ការរីកចម្រើនលូតលាស់ឆាប់រហ័ស និងផុសផុលក្នុងសង្គម ចាប់អារម្មណ៍ និងចូលរួម សកម្មភាពកីឡារបស់យុវជន និងប្រជាពលរដ្ឋបានបង្ហាញ ពីការដឹកនាំត្រឹមត្រូវ និងប៉ិនប្រសព្វជាមួយ គោលនយោបាយកីឡាច្បាស់លាស់របស់រាជរដ្ឋាភិបាល ទើបវិស័យកីឡាជាតិទទួលបាននូវសមិទ្ធផល ការងារគួរជាទីមោទនបែបនេះ៕

Most Popular

To Top