សិល្បៈ និង កម្សាន្ត

រឿងរ៉ាវកប់បាត់ ២០ឆ្នាំ​ហើយ ជុំវិញ​មរណភាព​នាយ វ៉ាំងដឺ ឥឡូវ​នេះ​កូន​ប្រុស ​​ចេញ​មក​បញ្ជាក់​ការ​ពិត

និយាយ​ពី​ឈ្មោះ​នាយ វ៉ុំាងដឺ ដែលមានឈ្មោះពិតថា យិន សារឹម ប្រាកដ​ជា​មាន​ប្រិយមិត្ត​ មិន​តិច​ទេ​នៅចាំនៅ​ស្គាល់ថា​ជា តារា​កំប្លែង​ដ៏​ល្បី​ប្រមាណ ២០​ឆ្នាំ​មុន។ នាយ បាន​បាត់​បង់​ជីវិត​ទៅ​ជាមួយ​មន្ទិល​មួយ​ចំនួន មុន​ពេល​កូន​ប្រុស​ម្នាក់​ បាន​ចេញ​មក​បញ្ជាក់​ការ ​ពិត​នៅ​ពេល​នេះ។

មាន​រូបរាងស្គម ទឹកមុខ​ពូកែ​កំប្លុកកំប្លែង កាលពី​ប្រមាណ​ជាង ២០ឆ្នាំ​មុន នាយ វ៉ាំងដឺ បាន​ឆក់​យក​ការ​គាំទ្រ​ ភ្លូក​ទឹក​ភ្លូកដី ជាមួយ​ទេពកោសល្យ​ពិសេស​មួយ គឺ​ការ​និយាយ​ភាសាខ្មែរ ​យក​សំឡេង​សូរ​ដូច​ភាសា វៀតណាម ។

យ៉ាងណា ទេពកោសល្យ​នេះ ក៏​បាន​ធ្វើ​ឲ្យ​នាយ​ជួប​​បញ្ហា​ខ្លះខ្លះ​មក​វិញ​ផង​ដែរ ។ នេះបើ​តាម​ដំណក់ឈាម​តែ១​គ្រាប់​ គត់​របស់​លោក​ដែល​នៅ​មាន​ជីវិត​មក​ដល់​សព្វ​ថ្ងៃ ។

លោក យឹម ធីដេត ដែល​អះអាង​ថា ​ជា​កូន​ប្រុស​បង្កើត​របស់​នាយ វ៉ាំងដឺ ប្រាប់​ឲ្យ​ដឹង​ថា ដោយ​សារ​មានរូបរាង និង​សំឡេង​ និយាយ​ពេល​សម្ដែង​រឿង ​ដូច​ភាសា​វៀតណាម​នោះ ទើប​មាន​ការ​សង្ស័យថា លោក​ឪពុក​របស់​លោក​ មិនមែន​ជា​ជនជាតិ​ខ្មែរ តែ​តាម​ពិត​អ្នក​មានគុណ​លោក​ជា​ជនជាតិខ្មែរ​មួយរយភាគរយ ។

ធីដេត ប្រាប់ទៀត​ថា ការ​ដែលប្រិយមិត្ត​តែង​តែ​ឃើញ​​លោក​ឪពុក​ខ្លួន និយាយ​ខ្មែរ​សូរ​ដូច​វៀតណាម​នោះ ក៏​ដោយ​សារ​តែ​ធ្វើ​ទៅ​តាម​ការ​អ្នក​ដឹកនាំ​រឿង​ប៉ុណ្ណោះ នៅ​ក្រៅ​ការ​សម្ដែង​គឺ​លោក និយាយ​ខ្មែរ​ក្នុង​សំនៀងធម្មតា ។

ក្រៅ​ពី​ស្រាយ​មន្ទិល​ខាង​លើ លោក យឹម ធីដេត ក៏​នៅ​លើក​ករណី​ទី២​ទៀត ដែល​មាន​ចចាមអារ៉ាម​ថា លោក​ឪពុក​លោក គឺ​នាយវ៉ុំាងដឺ ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍។ ចំពោះ​ករណី​នេះ កូន​ប្រុស​ច្បង​រូប​នេះ បាន​គូសបញ្ជាក់​ថា មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

លោក លើក​ឡើង​ថា អ្នក​មាន​គុណ​កាល ​នៅ​រស់​ចូល​ចិត្ត​ពិសាស្រា និង​បារីច្រើន​ពេក ទើប​ធ្វើ​ប៉ះពាល់​ទៅ​ដល់​ថ្លើម និង​សួត​ធ្ងន់ធ្ងរ ។ ដល់​ដំណាក់​មួយ លោក​ឪពុកបាន​ធ្លាក់​ខ្លួន​ឈឺ និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ទៅ​នៅ​អំឡុង​ឆ្នាំ ២០០២ ។

Most Popular

To Top