ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យុវតី ជូរី ល្អហួស Miss Preteen International Cambodia 2023 នឹងធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃ ដើម្បីតំណាងជាតិកម្ពុជា ចូលរួមប្រកួតកម្មវិធី Junior Idol World Official 2023 ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ស្របពេលការប្រកួតកាន់តែខិតជិតមកដល់ ល្អហួស បានបញ្ចេញឈុតតំណាងជាតិដែលត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិនោះឡើយ ឈ្មោះថា «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» មានន័យថា កំពូលក្សត្រិយ៍ នៃអម្បូររាជហង្សក្នុងដែនកម្ពុជា។

តាមដែលដឹងមក ឈុត «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» មានទម្ងន់ដល់ទៅ ៣៧គីឡូក្រាមឯណោះ ហើយក្រុមគ្រួសាររបស់ ល្អហួស និងម្ចាស់ប្រេនឡាកាម៉ូដែលជា sponser ធំ បានប្រារព្ធរៀបចំពិធីក្រុងពាលី ឈុតតំណាងជាតិ និងឈុតអប្សរា យ៉ាងអធិកអធម មុនពេលយកឈុតទាំងនេះ ទៅប្រកួតនៅលើឆាកអន្តរជាតិ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកនិយមលេងកម្មវិធី Tik Tok បានលាន់មាត់សរសើរពីគំនិតច្នៃប្រឌិត និងប្រណីតភាពនៃឈុត «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» ដែលអ្នកច្នៃម៉ូដ Skor Krub សម្រិតសម្រាំងច្នៃយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

គួរឱ្យភ្ញាក់ផ្អើលខ្លាំង ល្អហួស ត្រូវបានដួលមួយជំហរ ខ្លួនអំឡុងពេលនាងថតវីដេអូផ្លូវការ នៃឈុតតំណាងជាតិ «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» កាលពីពេលថ្មីៗ។ ទឹកភ្នែកបង្ហាញពីភាពឈឺចាប់ បានរមៀលស្រក់ចុះមកលើផែនថ្ពាល់ យុវតីរូបស្រស់នេះ ប៉ុន្តែនាងនៅតែរក្សាជំហរ ក្រោកមកថតឈុតតំណាងជាតិទម្ងន់ ៣៧ គីឡូក្រាម រហូតជោគជ័យដូចអ្វីដែលគ្រប់គ្នាបានឃើញ លើបណ្តាញសង្គមហ្វេសប៊ុក ។

មហាជន និងបណ្តាហ្វេនៗស្លុតចិត្តជាខ្លាំង ពេលដឹងថា ល្អហួស បានដួលមួយជំហរខ្លួនពេលថតឈុតតំណាងជាតិនេះ ប៉ុន្តែពួកគេពិតជាសរសើរទឹកចិត្តក្មេងស្រីរូបនេះ ដែលក្លាហានជម្នះមិនព្រមរាថយ ហើយស៊ូទ្រាំថតវីដេអូផ្លូវការនេះរហូតទទួលបានជោគជ័យ។

ក្នុងបទសម្ភាសន៍ក្នុងពិធីក្រុងពាលីឈុតតំណាងជាតិ និងឈុតអប្សរា ម្សិលមិញនេះ យុវតី ល្អហួស បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំក្នុងការដណ្តើមយកភាពជោគជ័យលើឆាកអន្តរជាតិ ដោយនាងប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពតែម្តង។ បវរកញ្ញាវ័យក្មេងនេះជឿជាក់ថា នឹងពិតជាធ្វើបាន ព្រោះនាងត្រៀមជាស្រេចហើយសម្រាប់ការប្រកួតអន្តរជាតិនេះ ដោយបានចំណាយពេលសិក្សាពីកម្មវិធីយ៉ាងច្បាស់លាស់ គួបផ្សំកម្លាំងចិត្តយ៉ាងពេញទំហឹងពីពុកម៉ែបងប្អូន និងការ sponser ឈុតប្រណីតៗតម្លៃខ្ទង់ម៉ឺនដុល្លារពីម្ចាស់ប្រេនឡាកាម៉ូ ធ្វើឱ្យនាងរឹតតែមានកម្លាំងចិត្តមុតមាំជាងមុនទៅទៀត។
គួររំឮកផងដែរថា ល្អហួស នឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ កុំភ្លេចទៅជូនដំណើរបវរកញ្ញាវ័យក្មេងនេះឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់រូបនាង!
