វាជារឿងដ៏កម្រ ក្នុងវិស័យភាពយន្ដខ្មែរ ដែលតួអង្គឯកប្រុស និងតួអង្គឯកស្រីឈ្លោះប្រកែក អន់ចិត្ដមិននិយាយរកគ្នារាប់ឆ្នាំ ប៉ុន្ដែពួកគេនៅតែអាចបំពេញការងារថតបានយ៉ាងរលូន។ ប៉ុន្ដែតារាសម្ដែង សាយ សៀរ៉ា និងកញ្ញា នី មុនី្ននាថ ធ្លាប់អន់ចិត្ដមិននិយាយរកគ្នាជាង ៣ឆ្នាំ ប៉ុន្ដែអំឡុងពេលមិនត្រូវគ្នានោះ ពួកគេត្រូវថតរឿង ជាមួយគ្នាដោយចៀសមិនរួច ។

តាមរយៈខ្សែភាពយន្ដភាគ រឿង”រនៀតស្នេហ៍” ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០១៨ ពួកគេបានជួបមុខគ្នា និងសម្ដែងកៀកកើយជាមួយគ្នាជាញឹកញាប់ ។ ផ្ទុះពីសកម្មភាព និងពាក្យសម្ដីយ៉ាងផ្អែមល្ហែម នៅក្នុងការសម្ដែង ពេលចប់ឈុតម្ដងៗពួកគេ បានគេចមុខដើរចេញតែរៀងៗខ្លួន ហើយក្នុងចិត្ដម្នាក់ៗ តានតឹងជាខ្លាំង ដោយសារតែមិនបានសមប៉ារ៉ូល ជាមួយគ្នាមុនថត ដូចជាការសម្ដែងនូវរឿងផ្សេងៗទៀត ។ នេះបើតាមការបញ្ជាក់របស់ សាយ សៀរ៉ា ។

លោក សាយ សៀរ៉ា បានរំលឹករឿងរ៉ាវរបស់ខ្លួន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថា រូបលោក និងកញ្ញា នី មុន្នីនាថ ធ្លាប់រួមការងារពិធីករ-ពិធីការិនីជាមួយគ្នា សម្ដែងរួមគ្នាទាំងភាពយន្ដ និងចម្រៀងខារាអូខេជាច្រើន។ នៅថ្ងៃមួយរូបលោក និងតារាស្រីម្នាក់នេះបាននិយាយទាក់ពាក្យ សម្ដីគ្នាបន្ដិចបន្ដួច ហើយក៏ប្រកាន់យកត្រូវរៀងៗខ្លួន ទើបអន់ចិត្ដមិននិយាយរកគ្នាជាង ៣ឆ្នាំ ។
សាយ សៀរ៉ា៖ “កាលថតហ្នឹង ខ្ញុំនៅប្រកាន់ថា ទោះយ៉ាងណាក៏ដោយយើងកុំយករឿងផ្ទាល់ខ្លួន មកឡូកឡំជាមួយការងារ ហើយខ្ញុំក៏ធ្វើការជាមួយគាត់(នាថ)ធម្មតា ហើយអត់ឲ្យក្រុមការងារដឹងទេ គឺដឹងតែថៅកែទេ ហើយពេលធ្វើការធ្វើដោយរលូន…សាច់រឿងត្រូវចាប់ដៃចាប់ដៃ ត្រូវឱបៗ ត្រូវថើបៗ តែនៅពេលដែលយើងថតចប់នៅscene ហ្នឹងភ្លាមអត់និយាយរកគ្នា យើងទៅអង្គុយផ្សេងៗគ្នា”។

ទោះជាយ៉ាងណា សព្វថ្ងៃនេះរូបលោក និង នី មុន្នីនាថ បាននិយាយស្ដីរកគ្នាជាធម្មតា ហើយកាន់តែគោរព ស្រឡាញ់រាប់អានគ្នាលើសពីមុនៗ។ ជាក់ស្ដែងរូបលោក និងមុន្នីនាថ បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយគ្នា តាមរយៈការចែកអំណោយ និងបរិច្ចាគឈាម ព្រមទាំងបានចូលរួមជាមួយសិល្បករ-សិល្បការិនីជាង ១០០នាក់ បំផុសគំនិតជួយសង្គម តាមរយៈការបង្ហាញតំបន់ទេសចរណ៍សំខាន់ៗនៅលើទឹកដីអង្គរ ខេត្ដសៀមរាប កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះទៀតផង ៕

