ឥណ្ឌា ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Ratan Tata ជាពាណិជ្ជករដ៏មាន ឥទ្ធិពលបំផុត មួយរបស់ពិភពលោក និងជាអតីតប្រធានក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងធំជាងគេបំផុតរបស់ឥណ្ឌា បានទទួលមរណភាព ក្នុងអាយុ ៨៦ ឆ្នាំហើយ។
កាសែត Reuters បានរាយការណ៍ថា លោក Ratan Tata ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Breach Candy នៅទីក្រុងបុមបៃក្នុង ស្ថានភាពធ្ងន់ធ្ងរ កាលពីថ្ងៃពុធ ។ កាលពីដើមសប្តាហ៍នេះ របាយការណ៍បានលេចចេញ លើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា លោក Tata ត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីការធ្លាក់ចុះសម្ពាធ ឈាមយ៉ាងខ្លាំង បន្ទាប់មកលោកបានបង្ហោះនៅលើបណ្តាញ សង្គមដោយបញ្ជាក់ថា ការទៅមន្ទីរពេទ្យរបស់លោក ដើម្បីពិនិត្យសុខភាព ជាប្រចាំ ទាក់ទងនឹងអាយុ និងស្ថានភាព សុខភាពរបស់លោក ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tata Group បានបញ្ជាក់ពីការស្លាប់ របស់លោកកាលពីយប់ថ្ងៃពុធ ដោយសរសេរថា នេះជាការបាត់បង់ ដ៏ជ្រាលជ្រៅមួយ ដែលយើងលាលោក Ratan Naval Tata ជាមេដឹកនាំដ៏ចម្លែកមួយរូប ដែលជាការរួមចំណែក មិនអាចកាត់ថ្លៃបាន បានធ្វើឲ្យមិនត្រឹមតែក្រុមហ៊ុន Tata Group ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបុគ្គលិក សំខាន់របស់ប្រទេសជាតិរបស់យើង។
លោក Ratan Tata បានចូលរួមក្នុងអាជីវកម្មគ្រួសារដែលចាប់ផ្តើមដោយអ្នកឧស្សាហ៍កម្ម និងសប្បុរសជនឥណ្ឌា Jamsetji Nusserwanji Tata ក្នុងទសវត្សរ៍ឆ្នាំ ១៨៧០ បន្ទាប់ពីទទួលបានសញ្ញាបត្រផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យ Cornell កាលឆ្នាំ ១៩៦២ បន្ទាប់ពីបម្រើការនៅ ក្រុមហ៊ុនផ្សេងៗ លោកត្រូវបានតែងតាំង ជានាយកទទួលបន្ទុកវិទ្យុជាតិ និងក្រុមហ៊ុនអេឡិចត្រូនិកក្នុងឆ្នាំ ១៩៧១។
នៅឆ្នាំ ១៩៨១ លោកត្រូវបានតែងតាំង ជាប្រធានក្រុមហ៊ុន Tata Industries ជាក្រុមហ៊ុនកាន់កាប់ផ្សេងទៀត របស់ក្រុមហ៊ុនដែលលោក ទទួលខុសត្រូវក្នុងការបំប្លែងវាទៅជាក្រុមអ្នកគិតយុទ្ធសាស្ត្រ និងជាអ្នកផ្សព្វផ្សាយការ បណ្តាក់ទុនថ្មីៗក្នុងអាជីវកម្មបច្ចេកវិទ្យាខ្ពស់។
បន្ទាប់មក លោក Tata បានគ្រប់គ្រងក្រុមហ៊ុនជាប្រធានក្រុមហ៊ុនអស់រយៈពេលជាង ២ ទសវត្សរ៍ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០១២ បន្ទាប់មកលោកបានក្លាយ ជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន Tata Sons ជាក្រុមហ៊ុនគ្រប់គ្រងការ វិនិយោគដ៏សំខាន់ និង ជាអ្នកផ្សព្វផ្សាយ ក្រុមហ៊ុន Tata ។ លោក Tata បានធ្វើឲ្យក្រុមហ៊ុនេះ ក្លាយជាក្រុមហ៊ុន គ្រួសារដ៏មានឥទ្ធិពលមួយទៅជាសាជីវកម្ម ពហុជាតិដែលមានស្លាកសញ្ញាពិភពលោក ។ ក្នុងអំឡុងពេលកាន់តំណែង របស់លោក ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងច្រើនសរុបមានជាង ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១១-១២។
តា Tata Group ត្រូវគេនិយមហៅក្នុងប្រទេសឥណ្ឌាថា ជាក្រុមហ៊ុន “សូហ្វវែរពីអំបិល” រួបរួមក្រុមហ៊ុនជាង ១០០ រួមទាំងក្រុមហ៊ុនផលិត រថយន្តធំជាងគេរបស់ឥណ្ឌា ក្រុមហ៊ុនដែកថែបឯកជនធំជាងគេ ក្រុមហ៊ុនឈានមុខគេ សម្រាប់ដំណើរការអាជីវកម្មខាងក្រៅ និងម៉ាកយីហោកំពូលរបស់ប្រទេសក្នុងវិស័យថាមពល វិស័យអ្នកប្រើប្រាស់ ការលក់រាយ និងគ្រឿង អេឡិចត្រូនិច ហើយក្រុមហ៊ុនមានបុគ្គលិកជាង ៣៥០,០០០នាក់នៅទូទាំងពិភពលោក៕