បរទេស៖ ឡានរបស់តារាចម្រៀង ល្បីជើងចាស់របស់ថៃ គឺលោក Manaswin “Tik Shiro” Nuntasane ត្រូវបានគេរាយ ការណ៍ថា បានបុកម៉ូតូជិះគ្នា៣នាក់ជាបងប្អូនបង្កើតនឹងគ្នា នៅសង្កាត់ Sai Mai នៃទីក្រុងបាងកក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យស្លាប់ និងរបួស។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសទទួលបាន ព័ត៌មាន ថាមានគ្រោះថ្នាក់ចរាចរណ៍លើស្ពានអាកាសសុខាភិបាន៥ ខាងលើផ្លូវថេផារ៉ាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ។ សមត្ថកិច្ចបានប្រទះឃើញសាកសពម្នាក់ ដែលមានអាយុ២៨ឆ្នាំ នៅកន្លែងកើតហេតុ ។
នៅចម្ងាយប្រហែល ១០ម៉ែត្រ នៅក្រោមស្ពានប៉ូលីសបានរកឃើញជនរងគ្រោះម្នាក់ទៀត បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Bhumibol Adulyadej ។
ប្អូនស្រីរបស់ពួកគេឈ្មោះ Jinnipa Siwapornpitak អាយុ ២៤ ឆ្នាំបានរួចជីវិត នាងបានប្រាប់ប៉ូលិសថា ពេលកំពុងជិះម៉ូតូ ពេលនោះនាងធ្លាក់ដប ទឹកដោយចៃដន្យ។ ខណៈប្អូនប្រុសរបស់នាង ក៏បានឈប់ម៉ូតូបត់ទៅយកវិញ ក៏ស្រាប់តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ បានបុកប្អូនស្រី និងប្អូនប្រុស ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះម្នាក់ ធ្លាក់ពីលើស្ពាន។
ឡាននោះបើកដោយអ្នកចម្រៀងលោក Tik Shiro អាយុ ៦៣ ឆ្នាំ ដែលបានសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះ។ Tik Shiro នៅកន្លែងកើតហេតុ ដើម្បីសហការជាមួយសមត្ថកិច្ច។ ប៉ូលីសបាននាំ Tik Shiro ទៅកាន់ប៉ូស្តិ៍ Khan Na Yao ដើម្បីសាកសួរ និងធ្វើតេស្ដជាតិ អាល់កុលក្នុងឈាម ៕
ប្រែសម្រួលៈ ណៃ តុលា
