ភ្នំពេញ៖ ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2021- នៅក្នុងពិធីសម្ពោធជាផ្លូវការ នារាត្រី នៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹង នូវការនាំយក កម្មវិធីផ្ញើសារបង្កើតឡើង ដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។
Pouk Mak កំពុងត្រូវបានដាក់លក់ ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញ ប្រើប្រាស់ជាផ្លូវការ សម្រាប់អ្នករាល់គ្នា នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះ គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់ នូវមុខងារផ្សេងៗ ជាច្រើនទៀត ។
លក្ខណៈពិសេស របស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាន នូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារ សុវត្ថិភាព ដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យ នៅក្នុងប្រទេសកម្ពុជា ផ្ទាល់តែម្តង។
សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយ នឹងការរៀបចំពិធីអបអរសាទរ ដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាល សែលកាត ក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក៏មានរៀបចំ នូវពិធីបង្ហោះគោម ចំនួន 5000 ទៀតផង។
លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានថ្លែងអោយដឹងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នា នឹងកម្មវិធីផ្ញើសារ លំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់ អាចផ្ញើសារ ជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់ នូវការធានាថា ទិន្នន័យរបស់អ្នកគឺមាន សុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយ ទៅកាន់ក្រៅប្រទេសនោះឡើយ ។
លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតួនាទីរបស់ពួកយើង ក្នុងការដឹកនាំ វិស័យឌីជីថល នៅកម្ពុជា និងដើម្បីធានាថា មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង អាចទទួលបាន នូវបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជួយពួកគេ ក្នុងការទំនាក់ទំនង និងរក្សាភាពជិតស្និទ្ធនៅក្នុង ជីវិតរស់នៅប្រចាំថ្ងៃ”។
លោកក៏បានបន្តថា “តាមរយៈ Pouk Mak នេះ យើងកំពុងជួយជម្រុញអក្ខរកម្ម និងសមត្ថភាពឌីជីថល នៅគ្រប់ឃុំ និងខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា ជូនដល់ពលរដ្ឋគ្រប់វ័យ ចាប់តាំងពីកុមារ រហូតដល់មនុស្សចាស់ ពោលគឺផ្តល់ជូនពួកគេ នូវសមត្ថភាព ក្នុងការប្រើប្រាស់ មធ្យោបាយទំនាក់ទំនង ដែលឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ជាមួយនឹងភាសា របស់ពួកគេផ្ទាល់តែម្តង”។
“សព្វថ្ងៃនេះ កម្មវិធីផ្ញើសារ និងបណ្តាញទំនាក់ទំនង សង្គមភាគច្រើន នៅមិនទាន់អាចគាំទ្រភាសាខ្មែរ បានទាំងស្រុងនៅឡើយទេ ម្ល៉ោះហើយក្នុងនាម ជាក្រុមហ៊ុនទូរស័ព្ទចល័ត ដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% តែមួយគត់ សែលកាត ពិតជាមានមោទនភាពបំផុត ក្នុងការផ្តល់ជូន នូវសេវាកម្មនេះ”។
“គ្រប់យ៉ាងពាក់ព័ន្ធនឹងកម្មវិធីនេះ គឺសុទ្ធសឹងតែជារបស់ខ្មែរផ្ទាល់ ដោយរាប់ចាប់តាំង ពីការដាក់ឈ្មោះ ភាសាប្រើប្រាស់ ហើយជាក់ស្តែងនោះ គឺក្រុមហ៊ុន ដែលមានម្ចាស់ ជាជនជាតិខ្មែរ បានអភិវឌ្ឍ គ្រប់គ្រងសេវាកម្ម និងផ្តល់ការការពារ ទិន្នន័យដោយផ្ទាល់”។
ដូចគ្នាទៅនឹងផលិតផល និងសេវាកម្មទាំងអស់ របស់សែលកាតផងដែរ Pouk Mak មានភ្ជាប់មកជាមួយដោយការ ផ្តល់ជូនទិន្នន័យ ឥតគិតថ្លៃចំនួន 2GB ក្នុងមួយខែ ជូនដល់អតិថិជនទាំងអស់ របស់សែលកាត ដែលប្រើប្រាស់កម្មវិធីនេះ សរបញ្ជាក់អោយឃើញថា សែលកាត គឺតែងតែគិតគូរ និងតបស្នងជូន ដល់សហគមន៍វិញជានិច្ច។
លោក វ៉ាតសុន បានមានប្រសាសន៍ថា “ស្របពេលដែលយើងចាប់ផ្តើម ដំណើរការដាក់ ឱ្យប្រើប្រាស់ Pouk Mak ជូនដល់ពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា ពួកយើងក៏ចង់ផ្តល់ជូន នូវអត្ថប្រយោជន៍បន្ថែម ដល់អតិថិជន របស់យើងផងដែរ”។
“ទិន្នន័យឥតគិតថ្លៃនេះ នឹងជួយជា ប្រយោជន៍ដ៏សំខាន់ សម្រាប់អតិថិជន ស្របពេលដែលពួកគាត់ បានបណ្តុះទម្លាប់ប្រើប្រាស់ អ៊ីនធើណិត និងបណ្តាញសង្គម កាន់តែច្រើនឡើងៗ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។
“ក្រោមការចង្អុលបង្ហាញ របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នោះ គឺថាកម្មវិធី Pouk Mak នឹងជួយពួកយើង ក្នុងការដឹកនាំ ការផ្លាស់ប្តូរពីការតេ និងការផ្ញើសារ តាមទម្លាប់ចាស់ របស់អ្នកប្រើប្រាស់ ទៅកាន់ការហៅទូរស័ព្ទ និងការផ្ញើសារជជែកកម្សាន្ត ដោយឥតគិតថ្លៃ ដោយពុំចាំបាច់បារម្ភ ពីប្រភេទស៊ីមកាត ដែលពួកគេប្រើប្រាស់នោះឡើយ”។
លោក វ៉ាតសុន បានបន្ថែមថា ការប្រើប្រាស់បណ្តាញ និងកម្មវិធីដូចជា Pouk Mak ជាដើម គឺជាកត្តាដ៏សំខាន់ នៃយុទ្ធសាស្រ្ត របស់សែលកាត ក្នុងការបង្កើត និងបំពេញ នូវជីវិតទាន់សម័យ បែបឌីជីថល របស់មនុស្សគ្រប់គ្នា ស្របពេលដែល ប្រទេសកម្ពុជាយើង កំពុងត្រៀមខ្លួន សម្រាប់បដិវត្តឧស្សាហកម្ម ជំនាន់បន្ទាប់ (Next Industrial Revolution)។
“យើងត្រូវប្រាកដថាកម្ពុជា នឹងមិនខកខាន នូវឱកាសដ៏ល្អបែបនេះ ដើម្បីក្លាយខ្លួន ជាប្រទេស ដ៏លេចធ្លោមួយ នៅក្នុងតំបន់លើផ្នែកនវានុវត្តន៍ និងអក្ខរកម្មឌីជីថល ដោយក្នុងនោះ សមត្ថភាពដែលអាចទ្រទ្រង់បាន គឺជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យក ឱកាសទាំងនេះ”។
“ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសបំផុតមួយ ដែលពួកយើងបានបើកដំណើរ ការដាក់ឱ្យប្រើប្រាស់ សេវាកម្ម Pouk Mak ទន្ទឹមគ្នានឹងការប្រារព្ធទិវា នៃក្តីស្រឡាញ់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់យើង ចំពោះប្រជាជនកម្ពុជា ក្នុងនាមជាប្រតិបត្តិករ ដែលទទួលបាន នូវទំនុកចិត្តខ្ពស់ និងតែងតែនៅគាំទ្រអតិថិជន និងប្រទេសជាតិ ជាប់ជានិច្ច មិនថាជាពេលវេលា ដ៏អំណោយផល ឬលំបាកនោះឡើយ សែលកាត គឺនៅរួមសុខទុក្ខ ជាមួយពលរដ្ឋខ្មែរជានិច្ច” ។
លោកអ្នកអាចទាញយក កម្មវិធី Pouk Mak មកប្រើប្រាស់បាន នៅលើប្រព័ន្ធ iOS (App Store) និង Android (Play Store)។
សម្រាប់ការប្រើប្រាស់ រៀងរាល់ថ្ងៃចុងសប្តាហ៍នីមួយៗ អតិថិជនសែលកាត នឹងទទួលបានទិន្នន័យបន្ថែម 500MB ដោយឥតគិតថ្លៃ ក្នុងពេលពួកគេធ្វើការ តេចេញជាសំឡេង ឬតាមវីដេអូ។
សម្រាប់ពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ អាចជាវស៊ីម សែលកាត បានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដឹកជញ្ជូន ដល់គេហដ្ឋាន ដោយក្នុងនោះរួមមាន Wing Mall, NAHM 24 និង Smile Shop៕
Pouk Mak អាចប្រើប្រាស់ បានចាប់ពីថ្ងៃច័ន្ទនេះ ទាំងនៅលើ App store និងPlay store (ថ្ងៃទី ១៥ ខែកុម្ភៈ) អមដោយកម្មវិធី សម្ពោធពេញលេញ នៃព្រឹត្តិការណ៍ ដើម្បីចែករំលែក ដល់ក្រុមគ្រួសារ និស្សិត និងអាជីវកម្មខ្នាតតូច។