ភ្នំពេញ៖ 5 មីនា 2021 ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីនាឆ្នាំនេះ ក្រុមហ៊ុនសែលកាត បានបង្ហាញជូននូវឈុតវីដេអូពិសេសមួយ ក្រោមកិច្ចសហការ ជាមួយអង្គការ People in Need Cambodia ដើម្បីអបអរសាទរ ដល់វីរនារីទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
យុទ្ធនាការនេះបានប្រើនូវ Hashtag ជម្រុញទឹកចិត្តចំនួនបី រួមគ្នាជាមួយនឹងសុភាពនារី ដែលមានបុគ្គលិកលក្ខណៈរឹងមាំបំផុត ទាំងបីរូបរបស់សែលកាត ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃតម្លៃរបស់ស្ត្រី។
#GenerationEquality #IWD2021 #SheEmpowers។
នៅក្នុងវីដេអូ ដែលកំពុងផ្សាយផ្ទាល់ លើបណ្តាញសង្គមហ្វេសប៊ុក នាពេលនេះ កញ្ញា រេត ស៊ូហ្សាណា ដែលជាទូតសុឆន្ទៈ តំណាងឱ្យសែលកាត ស្រីនា ដែលជាអ្នកចែករំលែកមាតិកាទាក់ទងនឹងការថែរក្សាសម្រស់ ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំង និង Mina ដែលជា Idol ដ៏ពេញនិយមបំផុតមួយរូបផងនោះ បានចែករំលែក នូវរឿងរ៉ាវផ្ទាល់ខ្លួន របស់ពួកគាត់ ពាក់ព័ន្ធនឹងបញ្ហាប្រឈម នៅក្នុងជីវិត ដើម្បីជួយលើកទឹកចិត្ត ដល់ស្ត្រីគ្រប់រូបឱ្យមានកម្លាំងចិត្ត ក្នុងការសម្រេចបាន នូវគោលដៅជីវិតរបស់ខ្លួន។
កញ្ញា ស៊ូហ្សាណា បានចែករំលែកឱ្យដឹងថា៖ ពេលខ្លះ នៅពេលដែលយើងសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា ក៏មានលេចចេញនូវមនុស្ស ដែលស្អប់យើង និងចង់ធ្វើឱ្យយើងអាប់ឱន ហើយប្រសិនបើពួកគេយករឿងទាំងអស់ ហ្នឹងទៅចែករំលែកនៅលើ បណ្តាញសង្គមទៀតនោះ វាអាចនឹងបង្កបញ្ហា ជាច្រើនដល់ខ្លួនយើង។
“ខ្ញុំចង់ផ្តាំផ្ញើរទៅកាន់ស្រ្តីគ្រប់រូបថា យើងត្រូវតែធ្វើខ្លួនឱ្យរឹងមាំ ជាងបុគ្គលទាំងអស់នេះ ហើយយើងត្រូវជឿជាក់លើខ្លួនឯង និងកុំសូវខ្វល់ខ្វាយពីអ្វី ដែលមនុស្សផ្សេងទៀតកំពុងគិតមកលើយើង។ មិនត្រូវឱ្យគេមករារាំងផ្លូវទៅកាន់ គោលដៅរបស់យើងនោះឡើយ”។
អ្នកទាំងអស់គ្នា ដែលបានទស្សនាវីដេអូ នៅលើទំព័រហ្វេសប៊ុកសែលកាត Cellcard Play និង People in Need Cambodia ក៏ត្រូវបានលើកទឹកចិត្ត ឱ្យចែករំលែកវីដេអូទាំងនេះ ទៅកាន់ស្រ្តីទាំងអស់ដែលពួកគេ តែងគោរពកោតសរសើរ និងឱ្យតម្លៃបំផុត រួមជាមួយនឹងសារផ្ទាល់ខ្លួន ដើម្បីសម្តែងនូវការដឹងគុណផងដែរ។
រឿងរ៉ាវទាំងឡាយដែលមានអត្ថន័យ ដក់ជាប់អារម្មណ៍បំផុត នៅក្នុងយុទ្ធនាការនេះ នឹងត្រូវយកទៅចែករំលែកបន្ត នៅតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានជ្រាបកាន់តែច្បាស់។
កិច្ចសហការនៅក្នុងយុទ្ធនាការ រវាងក្រុមហ៊ុនសែលកាត និងអង្គការ People in Need Cambodia នេះ គឺជាគំនិតផ្តួចផ្តើម មនុស្សធម៌ដំបូងគេ ក្នុងឆ្នាំនេះ បន្ទាប់ពីស្ថាប័នទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្ នារកាលពីខែមករាកន្លងទៅថ្មីៗនេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “អង្គការ People in Need Cambodia កំពុងដឹកនាំនូវគម្រោងជាច្រើន ដែលផ្តល់នូវសារៈប្រយោជន៍ នៅទូទាំងប្រទេសកម្ពុជា ហេតុដូចនេះហើយ ក្រុមហ៊ុនសែលកាត ពិតជាមានមោទនភាពបំផុត ដែលបានចូលរួម សហការជាមួយ ក៏ដូចជាជួយផ្សព្វផ្សាយ នូវកិច្ចការងារ ដែលពួកគេកំពុងអនុវត្ត។
ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត រួមជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមគាំទ្រ គម្រោងរបស់អង្គការ PIN ដោយក្នុងនោះមានដូចជា គម្រោងគ្រប់គ្រង គ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ សមភាពយេនឌ័រ និងការគោរពសិទ្ធិស្ត្រី និងកុមារជាដើម៕