ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា សរុប១០០កេស ជូនមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ដែលកំពុងផ្ដល់សេវាចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ និងចែកជូនពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំង។
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «ការបរិច្ចាគទឹកបរិសុទ្ធនេះ ធ្វើឡើងក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។ យើងសង្ឃឹមថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចឆ្លើយតបទៅនឹង ទឹកចិត្តដ៏អស្ចារ្យ របស់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យក្នុងការបំពេញបេសកកម្មនេះ ហើយក៏ដូចជាការរួមសុខទុក្ខ ក្នុងនាមជាខ្មែរតែមួយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ផងដែរ»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយការផ្ដល់ជូន នូវទឹកបរិសុទ្ធ កម្ពុជា ១០០កេស ក្នុង១មន្ទីរពេទ្យ ជូនដល់មន្ទីរពេទ្យផ្សេងទៀត ដែលកំពុងផ្ដល់សេវា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាកាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដែលបង្កើតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបបានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារផ្សេងទៀត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ៕