ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីមួយ នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៩ មីនា ២០២១ ចាប់ផ្តើមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៣០០កេស ដល់មន្ទីរពេទ្យចំនួន១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ ដែលរដ្ឋាភិបាល កំណត់ជាកន្លែងសម្រាប់ផ្តល់វ៉ាក់សាំង AstraZeneca ជូនមនុស្សចាស់ អាយុ៦០ឆ្នាំឡើងទៅ។
ក្រុមហ៊ុននឹងធ្វើការចែក ទឹកបរិសុទ្ធ កម្ពុជា ចំនួន១៣០០កេស ខាងលើ រយៈពេល១សប្តាហ៍។ ក្នុងនោះ មន្ទីរពេទ្យនីមួយៗ នឹងទទួលបាន ទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០កេស សម្រាប់ប្រើប្រាស់ ក្នុងមន្ទីរពេទ្យ និងចែកជូនពលរដ្ឋ ដែលអង្គុយរង់ចាំ ទទួលវ៉ាក់សាំង។
សម្រាប់ថ្ងៃទី២៩ មីនា ទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ត្រូវបានចែកជូន ដល់មន្ទីរពេទ្យចំនួន ៤រួចមកហើយ រួមមានមណ្ឌលសុខភាព ផ្សារដើមថ្កូវ មណ្ឌលសុខភាព ជ្រោយចង្វារ មណ្ឌលសុខភាព ទួលគោក និងមន្ទីរពេទ្យបង្អែក ចតុមុខ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «ក្រុមគ្រូពេទ្យ បានលះបង់ធំធេងណាស់ ដើម្បីការពារអាយុជីវីត របស់ប្រជាពលរដ្ឋកម្ពុជា ពីវីរុសកូវីដ-១៩។ តាមរយៈការបរិច្ចាគនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា នឹងអាចចូលរួមជួយសម្រាល ការលំបាកខ្លះៗ របស់ក្រុមគ្រូពេទ្យ ដើម្បីបន្តបំពេញកាតព្វកិច្ច ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ»។
លោកស្រី ចេក សុធី អនុប្រធាន មណ្ឌលសុខភាពផ្សារដើមថ្កូវ មានប្រសាសន៍ថា «ពីមុនមក មណ្ឌលសុខភាព ផ្សារដើមថ្កូវ មិនដែលទទួលបាន ការឧបត្ថម្ភទឹកសុទ្ធនោះទេ ទើបតែថ្ងៃនេះ ពេលនេះ ព្រឹកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយឧបត្ថម្ភ ចំនួន១០០កេស។ ពួកយើងពិតជាត្រូវការទឹកបរិសុទ្ធ ជាចាំបាច់សម្រាប់ រយៈពេល១៦ថ្ងៃ»។
គួរបញ្ជាក់ថា ការបរិច្ចាគទឹកបរិសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណង លើកទឹកចិត្ត និងសម្រាលការលំបាក ដល់ស្ថាប័ន ដែលកំពុងបំពេញបេសកកម្ម រំដោះកម្ពុជា ចេញពីវីរុសដ៏កំណាចនេះ៕