ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីនៅកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០កេស តាមរយៈយុទ្ធនាការ ទឹកចិត្តកម្ពុជា ជូនដល់មន្ទីរពេទ្យបង្អែក អង្គស្នួល ក្នុងខេត្តកណ្តាល ដើម្បីចូលរួមជាមួយមន្ទីរពេទ្យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា យុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា គឺដើម្បីចូលរួមសម្រួល ដល់ការលំបាករបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្ម យ៉ាងសកម្មក្នុងការ ទប់ស្កាត់ការរាលដាល នៃវីរុសកូវីដ-១៩។ លោកស្រីសង្ឃឹមថា ការបរិច្ចាគនាពេលនេះ នឹងផ្តល់ជាកម្លាំងចិត្ត ដល់ក្រុមគ្រូពេទ្យ ដើម្បីតស៊ូតតាំងក្នុងសមរភូមិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងពេលប្រគល់អំណោចខាងលើនេះ វេជ្ជបណ្ឌិត លី សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែក អង្គស្នួល ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួយសម្រាល ការលំបាករបស់ក្រុមគ្រូពេទ្យ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារ៕






