ភ្នំពេញ – ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១៖ ក្រុមហ៊ុនសែលកាត បានចូលរួមគាំទ្រ យុទ្ធនាការ ៣ ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីជួយឱ្យ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ បានយល់ដឹង អំពីសារៈសំខាន់ នៃយុទ្ធនាការនេះ នៅតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គមទាំងអស់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។
យុទ្ធនាការនេះ ជម្រុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធាន ៣ការពារ ពោលគឺលាងដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រួមជាមួយនឹងវិធាន៣កុំ គឺត្រូវជៀសវាងទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ទៅតំបន់ដែលមាន មនុស្សច្រើនកុះករ ឬប៉ះពាល់គ្នា ដូចជាការចាប់ដៃ ស្វាគមន៍ជាដើម។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលពលរដ្ឋទាំងអស់ យល់ច្បាស់នូវគោលបំណង របស់រាជរដ្ឋាភិបាល ដើម្បីជួយបញ្ឈប់ ការរីករាលដាល នៃជម្ងឺឆ្លងនេះ នៅក្នុងថ្ងៃបុណ្យឈប់សម្រាក។
ក្នុងនាម ជាក្រុមហ៊ុនទូរស័ព្ទចល័ត ដែលគ្រប់គ្រង ដោយជនជាតិខ្មែរ 100% តែមួយគត់ យើងប្តេជ្ញា ជួយការពារអតិថិជន និងបុគ្កលិកទាំងអស់ របស់យើង ឱ្យមានសុខសុវត្ថិភាពល្អ ហើយពួកយើង ក៏នឹងធ្វើកិច្ចការគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រ ដល់ពលរដ្ឋខ្មែរ នៅក្នុងកំឡុងស្ថានភាព ដ៏ពិបាកនេះផងដែរ។
“ក្រុមហ៊ុនសែលកាត នឹងបន្តវិនិយោគ ទៅលើបណ្តាញ 4G LTE របស់ខ្លួននៅក្នុងឆ្នាំនេះ តាមរយៈការបង្កើននូវទីតាំង ផ្តល់បណ្តាញសេវា ពង្រីកសេវាគ្របដណ្តប់ ឱ្យកាន់តែទូលំទូលាយ និងបង្កើនសមត្ថភាព បណ្តាញឱ្យកាន់តែប្រសើរជាងមុន។ ពួកយើងថែមទាំង បានបង្កើននូវសេវាបម្រើអតិថិជន ដើម្បីជួយឆ្លើយតប ទៅនឹងរាល់សំណួរ ក៏ដូចជាចម្ងល់ទាំងឡាយ របស់ពួកគាត់ផងដែរ”។
ជាងនេះទៀត ពួកយើងបានបន្តគាំទ្រ វិធានការសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅតាមបណ្តាហាងទាំងអស់ របស់សែលកាត ដោយជម្រុញ ឱ្យអតិថិជនទាំងអស់ ប្រើប្រាស់នូវសេវាកម្ម ឌីជីថលដ៏សម្បូរបែប ដែលកំពុងដាក់បម្រើជូន រួចជាស្រេចរបស់ពួកយើង ដើម្បីបញ្ចូលទឹកប្រាក់ ទៅក្នុងទូរស័ព្ទរបស់ពួកគេ។ យើងបានផ្តល់ជូន ការលើកទឹកចិត្តបន្ថែម ដល់អតិថិជនឱ្យប្រើប្រាស់ សេវាកម្មទាំងនេះ ពោលគឺអាចជួយកាត់បន្ថយ នូវតម្រូវការអញ្ជើញ មកកាន់ហាងផ្ទាល់។
លោកបានមានប្រសាសន៍ ទៀតថា៖ “បច្ចុប្បន្ននេះ យើងមានផ្តល់ នូវសេវាឌីជីថលទាំងស្រុង ដើម្បីផ្តល់ជូនអតិថិជន នូវសុខសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់” ។
សម្រាប់ពលរដ្ឋរស់នៅ រាជធានីភ្នំពេញ ពួកគាត់អាចកុម្ម៉ង់ ទិញស៊ីមសែលកាត បានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធី ដែលផ្តល់សេវាដឹកជញ្ជូន ដល់គេហដ្ឋានផ្ទាល់ ដែលក្នុងនោះមានដូច ជា Wing Mall, Nham 24 និង Smile Shop ជាដើម ហើយសេវាចុះឈ្មោះ ដោយខ្លួនឯង របស់យើងទៀតសោត អនុញ្ញាតឱ្យអតិថិជន អាចដំណើរការស៊ីមកាត របស់ពួកគេ និងចាប់ផ្តើមប្រើប្រាស់ គម្រោងរបស់ពួកយើង ក្នុងរយៈពេលត្រឹមតែ 20នាទីប៉ុណ្ណោះ បន្ទាប់ពីបានបញ្ជាទិញរួច”។
“ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្រកាន់ខ្ជាប់ នូវវិធានការ និងពិធីសារសុវត្ថិភាព ជាប់ជានិច្ច តាំងតែពីការចាប់ផ្តើម រីករាលដាលនៃជម្ងឺកូវីដ19 ក្នុងពេលដំបូងមកម្ល៉េះ ប៉ុន្តែបន្ទាប់ពីមានការផ្ទុះឡើង ជាថ្មីនាពេលថ្មីៗនេះ យើងបានអនុវត្ត តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីផ្តល់ជូននូវសុខសុវត្ថិភាព ដល់អ្នកគ្រប់គ្នា។
“យើងបានរៀបចំ នូវនីតិវិធីមួយភាគធំ តាមបែបឌីជីថល ដើម្បីអនុញ្ញាត ឱ្យបុគ្គលិកភាគច្រើន អាចបំពេញកិច្ចការ ពីផ្ទះរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាអាចរក្សាផ្នែកទាំងមូល នៃបណ្តាញ ប្រព័ន្ធ និងសេវាបម្រើអតិថិជន របស់ពួកយើង ឱ្យនៅដំណើរការ បានល្អដូចប្រក្រតី”។
ការរៀបចំនីតិវិធី បែបឌីជីថលរបស់ពួកយើងរួមមាន ការស្ទង់មតិតាមអនឡាញប្រចាំថ្ងៃ ដើម្បីឱ្យបុគ្គលិកទាំងអស់ អាចរាយការណ៍អំពីទីតាំង ការធ្វើដំណើរ សីតុណ្ហភាព និងបញ្ហាទាក់ទង នឹងផ្នែកសុខភាព របស់ពួកគេជាដើម។
ការស្ទង់មតិប្រចាំថ្ងៃមួយទៀត គឺសាកសួរដល់បុគ្គលិកថា តើពួកគេ កំពុងស្ថិតនៅក្នុងតំបន់ កំពុងឆ្លងរីករាលដាលខ្លាំង ឬយ៉ាងណា ដោយក្នុងនោះ ពួកយើងនឹងរៀបចំ នូវនីតិវិធីស្នាក់នៅដាច់ដោយឡែក ជូនដល់បុគ្គលិកដែលរស់នៅ ក្នុងតំបន់ទាំងនោះ ដែលជាលទ្ធផល ពួកយើងនឹងអាចការពារបុគ្គលិក និងអតិថិជនប្រកបដោយ សុខសុវត្ថិភាពល្អបំផុត។
លោក វ៉ាតសុន បានបន្ថែមឱ្យដឹងទៀតថា ក្រុមហ៊ុនសែលកាត នឹងចូលរួមជួយធានាថា សារនៃវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល នឹងត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅតាមបណ្តាញផ្សព្វផ្សាយធំៗ ដែលក្នុងនោះ រួមមានប៉ុស្តិ៍ទូរទស្សន៍ នៅទូទាំងប្រទេសកម្ពុជា ការចាក់ផ្សាយតាមវិទ្យុ ការបញ្ជូនដំណឹង តាមរយៈសារ និងប្រព័ន្ធបណ្តាញ សង្គមទាំងអស់ រួមជាមួយនឹង ការគាំទ្រពី Influencer និងសិល្បៈករមានទេពកោសល្យ ជាច្រើនរូបទៀតរបស់សែលកាត។
លោកបានមានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាវិធីសាស្រ្តមួយក្នុងចំណោម វិធីសាស្រ្តជាច្រើនទៀត ដែលក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងជួយគាំទ្រ ដល់ពលរដ្ឋកម្ពុជា នៅក្នុងអំឡុងនៃវិបត្តិ ជម្ងឺរាតត្បាតនេះ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាគិតម៉េង ដែលជាអគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកស្រី ម៉ៅ ចំណាន ក៏បានចូលរួម ជួយបរិច្ចាគថវិកា ជាច្រើនលើក នាពេលថ្មីៗនេះ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាត នេះផងដែរ៕