ក្រុមហ៊ុន ផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ចំនួន១០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ចំនួន២០កេស ក្រោម យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ជូនដល់កម្លាំង គ.អន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលកំពុងយាមល្បាត មន្ទីរពេទ្យហ្លូងម៉ែ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មើលឃើញ ពីភាពនឿយហត់ របស់កងកម្លាំង គ.អន្តរាគមន៍ ដែលកំពុងយាមល្បាត មន្ទីរពេទ្យហ្លូងម៉ែ។ ក្រុមហ៊ុនចូលរួមបរិច្ចាគ ទឹកបរិសុទ្ធ និងភេសជ្ជៈ ដោយសង្ឃឹមថា នឹងអាចសម្រាលការលំបាក របស់កងកម្លាំងយើង។ ការថែរក្សាសុខភាព ឲ្យបានល្អ គឺជារឿងចាំបាច់បំផុត ដើម្បីអាចយកឈ្នះកូវីដ-១៩ ដែលជាសត្រូវដ៏កាចសាហាវ»។
លោក ដៀង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ មានប្រសាសន៍ថា «ការបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈទាំងនេះ នឹងជួយសម្រាលការលំបាក និងកាត់បន្ថយការចំណាយ ដល់កម្លាំងគ.អន្តរាគមន៍ ដែលកំពុងឈរជើង យាមល្បាតទាំងយប់ទាំងថ្ងៃ»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារ៕




