ភ្នំពេញ៖ បន្ថែមពីលើការបរិច្ចាគ នៅតាមតំបន់បិទខ្ទប់ប្រមាណ១០០ទីតាំង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងទឹកក្រូច អាយស៍ ១០០កេស ទៀតជូនដល់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល សម្រាប់កងកម្លាំងនគរបាល ដែលកំពុងការពារ តាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ប្រើប្រាស់តាមតម្រូវការ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «នៅក្នុងស្ថានភាពដ៏តានតឹងនេះ ការរួបរួមសាមគ្គី ដោយចេះជួយគ្នាទៅវិញទៅមក គឺមានសារសំខាន់ណាស់ ដើម្បីគាំទ្រ ដល់ទ័ពជួរមុខរបស់យើង ដែលកំពុងបំពេញ បេសកកម្មទប់ស្កាត់ វីរុសកូវីដ-១៩ ដើម្បីសុវត្ថិភាព របស់យើងទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា តាមរយៈយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន បរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈអស់រាប់ពាន់កេស ជូនដល់កងកម្លាំង ដែលកំពុងបំពេញតួនាទី នៅតាមគោលដៅបិទខ្ទប់ សរុបជិត១០០ទីតាំង នៅភូមិសាស្ត្រ ដែលស្ថិតក្នុង និងជាយរាជធានីភ្នំពេញ៕

