ភ្នំពេញ-ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021៖ សែលកាត ដែលជាក្រុមហ៊ុន ជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់ នូវសេវាទំនាក់ទំនងចល័ត យូរជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភ នៅក្នុងយុទ្ធនាការ ប្រណាំងប្រជែង កាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ប្រចាំឆ្នាំជាលើកទីពីរ ប៉ុន្តែដោយសារស្ថានភាព ជម្ងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរ ទៅជាការប្រណាំងប្រជែង កាយសម្បទា តាមអនឡាញ ក្នុងរយៈពេល 28 ថ្ងៃ ដោយបើកចំហ ជូនដល់អ្នកមានបំណង ចង់ចូលរួមទាំងអស់ នៅទូទាំងពិភពលោក។
លោក អ៊ុង សាវី អគ្គនាយក នៃសាលានិងនាយកប្រចាំប្រទេស របស់អង្គការ CFC បានមានប្រសាសន៍ថា ជម្ងឺកូវីដ កំពុងជះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍ ដែលសិស្សរបស់ពួកគេ កំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការ ថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រ ដល់ប្អូនៗ ដែលងាយរងគ្រោះបំផុត ទាំងអស់នេះ។
លោក សាវី បានមានប្រសាសន៍បន្តថា៖ “យើងមិនអាចរង់ចាំ ទាល់តែជម្ងឺកូវីដ ត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សា ទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថា ពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រ ដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ”។
“ដោយសារការធ្វើយុទ្ធនាការ តាមអនឡាញ កំពុងទទួលបាន ការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរ យុទ្ធនាការរត់ ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំង ប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួម អាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាព របស់ពួកគេតាមអនឡាញ ដើម្បីរៃអង្គាសថវិកា”។
“ពេលនេះ គឺជាពេលវេលាដ៏សក្តិសមបំផុត ក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងហាត់ប្រាណ ដើម្បីឱ្យកាយសម្បទារឹងមាំ ដូច្នេះយើងសង្ឃឹមថា យុទ្ធនាការនេះ នឹងទទួលបានការគាំទ្រខ្លាំង ក្នុងចំណោមអ្នករត់ប្រណាំង ដែលតែងធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា និងខេត្តសៀមរាប ដើម្បីចូលរួម”។
CFC គឺជាអង្គការក្រៅរដ្ឋាភិបាល មិនសំដៅប្រាក់ចំណេញ និងសប្បុរសធម៌ ដែលកំពុងបើកដំណើរការ គ្រឹះស្ថានសិក្សា ចំនួន 21 នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រ ដល់សិស្សចំនួន 7000នាក់។
យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី 28 ឧសភា។
ថវិការដែលប្រមូលបាន ពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រ ដល់ការសិក្សារៀនសូត្រ របស់ពួកគេ ក៏ដូចជាការផ្តល់ជូន នូវអាហារពីរពេល ក្នុងមួយថ្ងៃផងដែរ។
កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួន សម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាល គុរកោសល្យជាដើម។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជម្រុញ ឱ្យមានការរៀបចំព្រឹត្តិការណ៍នេះ ឡើងតាមអនឡាញ។
“នេះមិនមែនត្រឹមតែ ជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រូដ៏អស្ចារ្យមួយ ដែលសហគមន៍ នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយ ពីគ្នាយ៉ាងណាក៏ដោយ”។
“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុត ដែលអាចចូលរួមជាមួយ គំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រ ដល់យុវជននៅក្នុង ខេត្តសៀមរាប។
ជាមួយនឹងបញ្ហាប្រឈមគ្រប់យ៉ាងដែលកំពុងកើតឡើងនាពេលនេះ យើងត្រូវចងចាំថា ការរក្សាការអប់រំដល់សិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់។
យើងសូមអបអរសាទ ដល់អង្គការ CFC ដែលបានរៀបចំ ព្រឹត្តិការណ៍នេះឡើង ក៏ដូចជាកោតសរសើរ ដល់សិល្បករ សិល្បការនីល្បីៗ ទាំងអស់ ដែលបានចូលរួម ជួយគាំទ្រដល់គំនិត ផ្តួចផ្តើមនេះ។
បុគ្គលល្បីៗដែលមានវត្តមាន នៅក្នុងយុទ្ធនាការនេះ រួមមាន អត្តពលិកអាជីព ជនជាតិខ្មែរអាមេរិកាំង កញ្ញា អឹម សុវណ្ណារី ហើយលោក ឡាយ ប៊ុនឡេង និងលោក កែវ សៀក ក៏នឹងចូលរួម នៅក្នុងការប្រណាំងប្រជែង ដើម្បីលើកកម្ពស់ ការយល់ដឹង និងរៃអង្គាសថវិកា ដែលត្រូវការចាំបាច់ ដើម្បីជួយគាំទ្រ ដល់កុមារទុគ៌តផងដែរ។
កញ្ញា សុវណ្ណារី បានថ្លែងឱ្យដឹងថា៖ “រូបខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលមានក្រុមគ្រួសារ និងមិត្តភក្តិជួយគាំទ្រ នៅពេលដែលខ្ញុំកំពុងព្យាយាមសម្រេចអាជីពដែលជាក្តីសុបិនរបស់ខ្ញុំ”។
“កុមារគ្រប់រូបទាំងអស់ សក្តិសមនឹងទទួលបានការអប់រំប្រកបដោយគុណភាព ហើយនាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសក្នុងការតបស្នងវិញ ក៏ដូចជាចូលរួមជាផ្នែកមួយនៃបុព្វហេតុដ៏មានតម្លៃបំផុតនេះ”។
យុទ្ធនាការ Race to Better Education តាមអនឡាញ មានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល 28 ថ្ងៃ ដោយផ្អែកទៅលើចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។
ក្រៅពីការ ប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ 180 ម៉ាយ ដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែង ជិះកង់ចម្ងាយ 600 ម៉ាយល៍ សម្រាប់អ្នកដែលនិយម ចូលចិត្តជិះកង់ និងការប្រណាំង 60 ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវ ធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាព ខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សា របស់អង្គការ CFC ផងដែរ។
រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឱ្យកំណត់ ដោយខ្លួនឯង ហើយអ្នកចូលរួម អាចផ្តល់យោបល់ ក្នុងការកំណត់ចម្ងាយ ដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយ ផ្លូវទាំងមូល ដើម្បីអាចចូលរួម ក្នុងយុទ្ធនាការនោះឡើយ។
លោកអ្នកអាចចូលរួម ព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការ ទាំងស្រុង របស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួម ប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy៕