Event

សែលកាត ផ្គត់ផ្គង់សេវាទូរស័ព្ទបន្ទាន់​​​ ដោយឥតគិតថ្លៃ ជូនដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសម្របសម្រួល ដល់ការដឹកជញ្ជូនទំនិញ នៅក្នុង ”តំបន់ក្រហម”

ភ្នំពេញ-6 ឧសភា 2021៖ ក្រុមហ៊ុន សែលកាត ដែលជាបុត្រសម្ព័ន្ធ​ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់ជូននូវ ប្រព័ន្ធសេវាអតិថិជន ទាន់ហេតុការណ៍ (Customer Service Hotline) ដើម្បីជួយសម្របសម្រួល ដល់ការដឹកជញ្ជូនស្បៀងអាហារ ជាបន្ទាន់ ជូនដល់ក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម។

សេវាអតិថិជនទាន់ហេតុការណ៍នេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយសម្រួល ដល់ប្រជាពលរដ្ឋ ដែលត្រូវការបញ្ជាទិញស្បៀងអាហារ ដែលមានផ្តល់ជូននៅលើ ហាងអនឡាញ របស់ក្រសួងពាណិជ្ជកម្ម៖ shop.moc.gov.kh។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា សេវាអតិថិជន ទាន់ហេតុការណ៍ គឺជាជម្រើសដ៏ចាំបាច់បំផុតមួយ សម្រាប់ពលរដ្ឋដែលត្រូវការ បញ្ជាទិញទំនិញតាមរយៈទូរស័ព្ទ ហើយទូទាត់ជាសាច់ប្រាក់។ “មិនមែនមនុស្សគ្រប់គ្នា ជាពិសេសមនុស្សចាស់ សុទ្ធតែចេះទិញ ទំនិញតាមអនឡាញ និងបង់ប្រាក់តាមប្រព័ន្ធ ឌីជីថលនោះឡើយ ដូច្នេះយើងត្រូវតែ ធានាឱ្យបានថា ពលរដ្ឋគ្រប់រូប គឺទទួលបាននូវឱកាស ក្នុងការទិញទំនិញដូចៗគ្នា”។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “ប្រព័ន្ធសែលកាត បានភ្ជាប់ មកជាមួយនូវខ្សែទំនាក់ទំនងចំនួន 10 ដែលមានសមត្ថភាព អាចទទួលការហៅចូល ដើម្បីបញ្ជាទិញទំនិញ ក្នុងចំនួនច្រើន ក្នុងពេលតែមួយ ពោលគឺផ្តល់ជូន នូវការសម្របសម្រួល បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត”។

ប្រព័ន្ធ Cloud PBX និងឧបករណ៍ទូរស័ព្ទ គឺត្រូវបានផ្តល់ជូនទៅកាន់ ក្រសួងពាណិជ្ជកម្ម ដោយក្រុមហ៊ុនសែលកាត ដោយឥតគិតថ្លៃ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា ខណៈដែលករណីឆ្លង នៅមានច្រើននៅក្នុង រាជធានីភ្នំពេញ ក្រុមហ៊ុនដែលកំពុង ប្រកបអាជីវកម្ម និងអាជ្ញាធរ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនេះ ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវជួយទៅដល់ក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ ដែលមានការរឹតត្បិតខ្លាំង តាមរយៈការផ្តល់ជូននូវអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ឱ្យបានគ្រប់គ្រាន់ផងដែរ។

លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ​​ ដល់ក្រុមហ៊ុនសែលកាត ចំពោះការផ្តល់ជូននូវវិភាគទាន សប្បុរសធម៌ ចំពោះបុព្វហេតុនេះ។

“យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ជាពិសេសអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ដែលបានជួយដល់ប្រជាពលរដ្ឋ​ រស់នៅក្នុងតំបន់ក្រហម ឱ្យទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត បានឆាប់រហ័ស និងកាន់តែងាយស្រួលជាងមុន”។

ការបរិច្ចាគសេវាកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានបញ្ចប់ការពង្រីកបណ្តាញ របស់ខ្លួននាពេលថ្មីៗនេះ ចំនួន 169ទីតាំងទៀត ដើម្បីកែលម្អបណ្តាញគ្របដណ្តប់ និងគុណភាពសេវា នៅតាមតំបន់ក្រហម និងពណ៌លឿងទុំ ក្នុងរាជធានីភ្នំពេញ៕

Most Popular

To Top