ភ្នំពេញ-6 ឧសភា 2021៖ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយ Smile Shop ដើម្បីផ្តល់ជូនអតិថិជន ដែលកំពុងរស់នៅក្នុងតំបន់ក្រហម នូវការបញ្ចុះតម្លៃលើទំនិញ ប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ រួមជាមួយនឹងការដឹកជញ្ជូន ដល់ទីកន្លែង។
ក្នុងនាមជាប្រតិបត្តិករមួយ ក្នុងចំណោមប្រតិបត្តិករ ជាច្រើនទៀត ដែលទទួលបានការអនុញ្ញាត ឱ្យចែកចាយទំនិញនៅក្នុងតំបន់ក្រហម ដែលជាតំបន់មានការរឹតបន្តឹងខ្លាំង Smile Shop ដែលជាហាងពាណិជ្ជកម្ម អនឡាញឈានមុខគេ នៅកម្ពុជា បានផ្តល់នូវសេវាចែកចាយ ទំនិញសំខាន់ៗជូនដល់គ្រួសារ ប្រជាពលរដ្ឋជាច្រើន ដែលកំពុងជួបការលំបាក។
ឥឡូវនេះ ក្រុមហ៊ុនសែលកាត បានចូលរួមសហការ ជាមួយសេវាកម្មអនឡាញនេះ ដើម្បីផ្តល់ជូនដល់អតិថិជន នូវអាទិភាពសម្រាប់ការដឹកជញ្ជូន ទំនិញជាច្រើនមុខ ពោលគឺអនុញ្ញាត ឱ្យប្រជាពលរដ្ឋទទួលបាន នូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត បានឆាប់រហ័ស និងដឹកជញ្ជូន ទៅដល់គេហដ្ឋានរបស់ពួកគេ ផ្ទាល់តែម្តង។ សម្រាប់ការបញ្ជាទិញចាប់ពី 25ដុល្លារឡើងទៅ អតិថិជនសែលកាត ក៏នឹងទទួលបាន ប្រាក់ត្រឡប់មកវិញចំនួន 5 ដុល្លារផងដែរ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការធ្វើបែបនេះនឹងអាចជួយសម្រួល ដល់ក្រុមគ្រួសារ ដែលកំពុងទទួលរង នូវផលប៉ះពាល់ខ្លាំង ក្នុងអំឡុងពេល នៃការបិទខ្ទប់នេះ។ “ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយ វាគឺជាទំនួលខុសត្រូវ របស់ពួកយើង ក្នុងការជួយដល់អតិថិជន តាមដែលពួកយើង អាចធ្វើទៅបាន។ យើងពិតយល់ច្បាស់ថា នេះគឺជាពេលវេលាដ៏លំបាកបំផុត សម្រាប់ក្រុមគ្រួសារដែលកំពុងរស់នៅ ក្នុងតំបន់ទាំងនេះ ដូច្នេះការទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ ចាំបាច់ផ្សេងៗទៀត ដោយឥតមានការរាំងស្ទះ គឺចាំបាច់ខ្លាំងណាស់”។
“Smile Shop បានជួយផ្តល់នូវសេវាកម្ម ដ៏ចាំបាច់ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនរូប ហើយពួកយើងពិតជារីករាយបំផុត ដែលបានចូលរួមជាដៃគូជាមួយពួកគេ ក្នុងការផ្តល់ជូន ដល់អតិថិជនរបស់យើង នូវសេវាដឹកជញ្ជូន ឆាប់រហ័ស និងការបញ្ចុះតម្លៃ ទៅលើទំនិញជាច្រើនមុខ ក្នុងពេលដែលពួកគាត់ កំពុងត្រូវការសេវាបែបនេះខ្លាំងបំផុត”។
Smile Shop ក៏មានផ្តល់ជូននូវកញ្ចប់ស្បៀងអាហារ ដែលអាចស្វែងរកបាន នៅលើហាងអនឡាញ របស់ក្រសួងពាណិជ្ជកម្ម ក្នុងតម្លៃមួយដែលបានកំណត់ យ៉ាងសមរម្យបំផុត។ កម្មវិធីទូរស័ព្ទនេះ អាចទាញយក មកប្រើប្រាស់បានតាមរយៈ Google Play និង Apple Store។
នេះគឺជាវិធានការណ៍ចុងក្រោយបំផុត របស់ក្រុមហ៊ុនសែលកាត ក្នុងការប្តេជ្ញាចិត្តចូលរួមជួយដល់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាត ដោយជម្ងឺកូវីដនេះ។ ថ្មីៗនេះ សែលកាតបានបញ្ចប់ នូវការពង្រីកបណ្តាញចុងក្រោយ របស់ខ្លួនចំនួន 169 ទីតាំងទៀត ដើម្បីកែលម្អបណ្តាញ គ្របដណ្តប់ និងគុណភាពសេវា នៅតាមតំបន់ក្រហម និងលឿងទុំក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសហការ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូននូវសេវាទូរស័ព្ទបន្ទាន់ ដោយឥតគិតថ្លៃ ដើម្បីជួយសម្របសម្រួល ដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ដល់ក្រុមគ្រួសារ ដែលកំពុងរស់នៅ ក្នុងតំបន់ក្រហមផងដែរ៕