Event

សែលកាត ចូលរួមជួយគាំទ្រ ដល់ការសិក្សា តាមអនឡាញ តាមរយៈការផ្តល់ជូន នូវទិន្នន័យ ឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់ កម្មវិធីសិក្សា ពីចម្ងាយ

ភ្នំពេញ-ថ្ងៃទី ១១ ឧសភា ២០២១៖​ក្រុមហ៊ុនសែលកាត បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យការសិក្សា ពីចម្ងាយ​​មានភាពងាយស្រួល សម្រាប់សិស្សកំពុងសិក្សា និងគ្រូបង្រៀនទាំងអស់ តាមរយៈការផ្តល់ជូន នូវទិន្នន័យឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់កម្មវិធីអប់រំ។

កម្មវិធី ‘MoEYS E-Learning App’ ប្រកបដោយនវានុវត្តន៍នេះ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាធនធានដ៏សំខាន់មួយ ដើម្បីជួយដល់ការសិក្សា តាមអនឡាញ ស្របពេលដែលសាលា នៅទូទាំងប្រទេសត្រូវបានបិទផ្អាក ដែលជាផ្នែកមួយ នៃវិធានការណ៍ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជម្ងឺកូវីដ19។

កម្មវិធីសិក្សាពីចម្ងាយ តាមបែបឌីជីថលនេះ ត្រូវបានបង្កើតឡើង សម្រាប់គ្រូបង្រៀន និងសិស្សកំពុងសិក្សា ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ កម្មវិធីទូរស័ព្ទនេះ មានផ្តល់ជូននូវធនធាន និងកម្មវិធីអប់រំ ដែលមានអត្ថប្រយោជន៍ ជាច្រើនដូចជា សៀវភៅអេឡិចត្រូនិចផ្លូវការ របស់ក្រសួងអប់រំយុវជន និងកីឡា មេរៀនតាមអនឡាញ ការវាយតម្លៃការសិក្សា ដោយខ្លួនឯង និងការត្រៀមខ្លួន សម្រាប់វគ្គប្រឡងជាដើម។

ក្រោមកិច្ចព្រមព្រៀងរួមគ្នា រវាងក្រុមហ៊ុនសែលកាត ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សែលកាត នឹងផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់កម្មវិធី ដើម្បីជួយរក្សាស្តង់ដារ នៃការអប់រំ ស្របពេលដែលសាលារៀន នៅតែបន្តបិទផ្អាកនៅឡើយ។ ជាងនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាននូវការផ្ទៀងផ្ទាត់ តាមរយៈសារដោយឥតគិតថ្លៃ នៅពេលដែលអ្នកប្រើប្រាស់ ចុះឈ្មោះដើម្បីប្រើប្រាស់ កម្មវិធីផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយតែមួយគត់ នៅក្នុងប្រទេសកម្ពុជា សែលកាត ពិតជាមានក្តីសោមនស្សបំផុត ជាមួយនឹងការបង្ហាញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យអប់រំ ក៏ដូចជាការជួយគាំទ្រ ដល់សិស្សកំពុងសិក្សា និងគ្រូបង្រៀនកម្ពុជា នៅក្នុងគ្រាដ៏លំបាកនេះ។

“សែលកាតមានក្តីរំភើបរីករាយ ជាពន់ពេក ដែលបានដើរតួនាទីជួយដល់សិស្ស កំពុងសិក្សាឱ្យអាចបន្តការសិក្សា ទៅមុខទៀតបាន ខណៈដែលសាលារៀន នៅតែបន្តបិទទ្វារនៅឡើយ។ ការផ្តល់ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយក្នុងនាម ជាក្រុមហ៊ុនជាមោទនភាពរបស់ខ្មែរ យើងចង់ឱ្យសិស្សានុសិស្ស ទាំងអស់បានជ្រាបថា ពួកយើងនឹងនៅជួយគាំទ្រ ដល់ការសិក្សារបស់ពួកគេជានិច្ច។”

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នេះគឺជាឧទាហរណ៍ ដ៏ប្រពៃបំផុតមួយ​ នៃការសហការគ្នា រវាងវិស័យឯកជន និងសាធារណៈ ហើយលោកក៏បានឆ្លៀតឱកាស​ ថ្លែងអំណរគុណចំពោះក្រុមហ៊ុន សែលកាត ដែលបានប្តេជ្ញាចិត្ត ក្នុងការបន្តជួយដល់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា។

“ឥឡូវនេះគឺជាពេលវេលា ដែលពួកយើងត្រូវរួបរួមគ្នា ក៏ដូចជាជួយគាំទ្រ ដល់សង្គមជាតិរបស់យើង តាមដែលអាចធ្វើទៅបាន។ យើងសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនសែលកាត ដែលបានផ្តល់ការគាំទ្រ ឥតឈប់ឈរ ដើម្បីជួយឱ្យសិស្សានុសិស្ស អាចបន្តការសិក្សារបស់ពួកគេ ដោយឥតមានការរំខាន នៅក្នុងអំឡុងពេល នៃវិបត្តិជម្ងឺកូវីដ19នេះ។”

កម្មវិធី MoEYS E-Learning App មានដាក់ជូនសម្រាប់ទាញយក ប្រើប្រាស់ នៅក្នុងហាង Apple Store និង Google Play Store៕

Most Popular

To Top