Event

ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនមន្ទីរពេទ្យ​ ចំនួន២០ នៅភ្នំពេញ និងខេត្កកណ្តាល

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រកាសបន្តបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ចំនួន ២០០០កេស ជូនមន្ទីរពេទ្យចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្កកណ្តាល តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមជាមួយ មន្ទីរពេទ្យប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកកម្ពុជា កាន់តែខ្លាំងឡើងៗ។

ក្រុមហ៊ុន នឹងធ្វើការប្រគល់ទឹកបរិសុទ្ធ កម្ពុជាចំនួន ១០០ កេស ដល់មន្ទីរពេទ្យនីមួយៗ ជាបន្តបន្ទាប់ ក្នុងរយៈពេល ១ សប្តាហ៍។

មន្ទីរពេទ្យទាំងនោះរួមមាន ១) មន្ទីរពេទ្យគន្ធបុប្ផា ២) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ៣) មន្ទីរពេទ្យកុមារជាតិ ៤) មជ្ឈមណ្ឌលព្យាបាល កុមារបេះដូងជប៉ុន ៥) មន្ទីរពេទ្យកាល់ម៉ែត ៦) មណ្ឌលសុខភាព ផ្សារដើមថ្កូវ ៧) មណ្ឌលសុខភាព ជ្រោយចង្វារ ៨) មណ្ឌលសុខភាព ទួលគោក ៩) មន្ទីពេទ្យបង្អែកចតុមុខ ១០) មណ្ឌលសុខភាព សាមគ្គី ១១) មណ្ឌលសុខភាព បឹងធំ ១២) មណ្ឌលសុខភាពស្ទឹងមានជ័យ ១៣) មណ្ឌលសុខភាព ព្រៃវែង ១៤) មណ្ឌលសុខភាព ពញាពន់ ១៥) មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ១៦) មណ្ឌលសុខភាព ឃ្មួញ ១៧) មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ ១៨) មណ្ឌលសុខភាព ព្រែកឯង ១៩) មន្ទីរពេទ្យបង្អែកអង្គស្នួល និង ២០) មណ្ឌលសុខភាពចាក់អង្រែ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្នុងស្ថានភាពនេះ ក្រុមគ្រូពេទ្យរបស់យើង គឺកំពុងដុតដៃដុតជើងយ៉ាងខ្លាំង និងបានលះបង់ធំធេងណាស់ ដើម្បីការពារអាយុជីវីត របស់ប្រជាពលរដ្ឋកម្ពុជា ពីជំងឺកូវីដ-១៩ ដូច្នេះអ្វីដែលយើងអាចធ្វើបាន គឺផ្តល់កម្លាំងចិត្ត រំលែកការលំបាក និងកាត់បន្ថយចំណាយរបស់ពួកគាត់។ ក្រុមហ៊ុននឹងបន្តបរិច្ចាគ ជាហូរហែ ព្រោះទឹកបរិសុទ្ធ កម្ពុជា តែងនៅក្បែរ ក្រុមគ្រូពេទ្យយើងជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈ ណាក៏ដោយ»។

សម្រាប់ថ្ងៃទី២០ ខែកក្កដា នេះដែរ មន្ទីរពេទ្យចំនួន ៥ បានទទួលទឹកបរិសុទ្ធ កម្ពុជារួចរាល់ហើយ ដោយក្នុងនោះរួមមាន មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត មណ្ឌលសុខភាពស្ទឹងមានជ័យ និងមណ្ឌលសុខភាព ផ្សារដើមថ្កូវ ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន១៣ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដែលជាកន្លែងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់មនុស្សចាស់អាយុ ៦០ឆ្នាំឡើងទៅ កំណត់ដោយរាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា រាប់ម៉ឺនកេសបន្ថែមទៀត ជូនដល់ស្ថាប័នផ្សេងៗជាច្រើន៕

Most Popular

To Top