ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៩ ខែសីហា បានប្រកាសធ្វើទំនើបកម្ម កំប៉ុងទឹកក្រូចអាយស៍ IZE ទាំងស្រុង មានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងរចនានិមិត្តសញ្ញាថ្មី សម្រាប់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE ដើម្បីបំពេញចំណង់ចំណូលចិត្ត របស់យុវវ័យសម័យថ្មី ដែលទាមទារអ្វីថ្មី ប្លែក និងឡូយជានិច្ច។

ក្នុងនោះ ក្រុមហ៊ុនបានបញ្ចូលសញ្ញា ត្រីកោណត្រួតស៊ីគ្នា នៅផ្ទៃខាងក្រោយនិមិត្តសញ្ញា ដែលនឹងក្លាយជាចំណុចថ្មីមួយទៀត សម្រាប់កត់សម្គាល់ ម៉ាកផលិតផល ថែមទាំងធ្វើឲ្យរូបរាង ទាំងមូលរបស់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE មើលទៅពិតជា «ឡូយ កាលីប» ខ្លាំងបំផុត។ កាន់តែពិសេស កំប៉ុងទឹកក្រូចអាយស៍ IZE ថ្មីមានរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈ ១កំប៉ុង ដល់ទឹកប្រាក់ ៥លានរៀល។
នេះគឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការប្រកាសពីការផ្លាស់ប្តូរ និងបន្ថែមរសជាតិថ្មីនៃផលិតផល ដែលទីមួយគឺការប្តូររូបរាងដបស្រាបៀរ កម្ពុជា ទីពីរគឺការបង្កើតរសជាតិថ្មី នៃភេសជ្ជៈប៉ូវកម្លាំង Wurkz Icy Cool និងទី៣គឺការធ្វើទំនើបកម្មកំប៉ុង និងដបទឹកក្រូចអាយស៍ IZE ឲ្យ «ឡូយ កាលីប»។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ខ្មែរ ប៊ែវើរីជីស នៅតែប្រឹងប្រែងរិះរកអ្វីថ្មី ដើម្បីបំពេញតម្រូវការអតិថិជន និងពង្រីកខ្លួនកាន់តែធំ នៅក្នុងទីផ្សារជានិច្ច»។

ទន្ទឹមនឹងនេះដែរ លោកអគ្គនាយក ក៏បានថ្លែងអំណរគុណ ដល់តំណាងចែកចាយ និងអតិថិជនដែលតែងតែផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ទើបទឹកក្រូចអាយស៍ IZE ក្លាយជាភេសជ្ជៈកាន់តែល្បី ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្ញុំជឿជាក់ថារូបរាងថ្មីនេះ នឹងល្បីកក្រើកដល់គ្រប់យុវវ័យ ព្រោះថាគ្រប់ផ្នែកទាំងអស់ នៃការរចនា គឺសុទ្ធតែឆ្លុះបង្ហាញពីភាព «ឡូយ កាលីប» ដែលជាចំណុចទាក់ទាញខ្លាំង សម្រាប់យុវវ័យសម័យថ្មី»។

អ្នកស្រី ក៏បញ្ជាក់ទៀតថា ក្រុមហ៊ុនក៏បានបង្កើតស្ពតពាណិជ្ជកម្ម យ៉ាងឡូយអស្ចារ្យប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងបទចម្រៀង និងក្បាច់រាំពិសេសផងដែរ ព្រមទាំងបង្កើតកម្មវិធី សប្បាយៗជាច្រើន នៅលើប្រព័ន្ធឌីជីថល។ ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាព ស្រស់ស្រាយ សប្បាយ ឡូយ កាលីប៕





