ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំ នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមប្រគេន ភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធ កម្ពុជាជូនព្រះសង្ឃ គង់នៅវត្តអារាមចំនួន ១២០ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ១៥ ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

ភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធ កម្ពុជាសរុបជិត ២០០០ កេស នឹងត្រូវបានបែងចែក ដើម្បីប្រគល់ជូនវត្តនីមួយៗ ជាបន្តបន្ទាប់គ្នានៅទូទាំងប្រទេស។ សម្រាប់ថ្ងៃទី២២ ខែកញ្ញា អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារ អញ្ជើញទៅវត្តចំនួន ៣ ក្នុងរាជធានីភ្នំពេញ រួមមាន វត្តមង្គលសិរីគៀនឃ្លាំង វត្តសំរោងអណ្តែត និងវត្តសំពៅមាស។
អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «តាមរយៈយុទ្ធនាការ ទឹកចិត្តកម្ពុជា ខ្មែរ ប៊ែវើរីជីស តែងបរិច្ចាគជួយដល់សង្គមជានិច្ច ហើយក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រុមហ៊ុននាំយកភេសជ្ជៈ ប្រគេនព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទិ្ទសកុសល និងបួងសួងសុំសេចក្តីសុខ ដល់ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋ គ្រប់គ្នាផងដែរ»។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនសង្ឃឹមថា កម្មវិធីប្រគេនទេយ្យទាននេះ នឹងក្លាយជាកាយវិការល្អមួយ ក្នុងការជំរុញការធ្វើបុណ្យទាន តាមវត្តអារាមកាន់តែច្រើន ដើម្បីចូលរួមជាផ្នែកមួយ ក្នុងការដោះស្រាយបញ្ហាកង្វះភេសជ្ជៈ និងចង្ហាន់នៅតាម វត្តអារាមមួយចំនួន ក្រោយមានវិបត្តិនៃជំងឺកូវីដ-១៩មក។

គួរបញ្ជាក់ថា ការបរិច្ចាគនេះជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលកំពុងដំណើរការយ៉ាងសកម្ម ក្នុងការបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធយ៉ាងច្រើនម៉ឺនកេស ជូនមន្ទីរពេទ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) គោលដៅត្រួតពិនិត្យចរាចរណ៍ កន្លែងធ្វើចត្តាឡីស័ក និងស្ថាប័នជាច្រើនទៀត៕




