ភ្នំពេញ – ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជា ក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូល នៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។
ការអបអរសាទរ ចំពោះពានរង្វាន់ដ៏មានកិត្យានុភាព ក្នុងកម្មវិធីពានរង្វាន់ ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន (CSR) នេះ ដែលត្រូវបានដាក់ឱ្យដំណើរការ នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុននានា និងបណ្តាបុគ្គលនៅពីក្រោយ ការជោគជ័យនេះ។
ដោយសារមានបញ្ហាប្រឈម នឹងជំងឺរាតត្បាត ដូច្នេះហើយរង្វាន់ក្នុងឆ្នាំនេះ រួមមានប្រភេទរង្វាន់ ដែលបង្ហាញពីការទទួលស្គាល់ នូវគំនិតផ្តួចផ្តើម ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានធ្វើឡើងនៅក្នុងសហគមន៍។
ក្នុងពិធីប្រគល់រង្វាន់នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា សែលកាត បានយកឈ្នះការ ប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ ផ្នែកក្រុមហ៊ុនធំ ក្នុងប្រភេទគំនិតផ្តួចផ្តើម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា សមិទ្ធិផលដ៏អស្ចារ្យនេះ គឺត្រូវអរគុណដល់បុគ្គលិកគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ដោយមិនមានការនឿយហត់ ដើម្បីជួយដល់សហគមន៍ ដែលកំពុងប្រឈមនឹងទុក្ខលំបាកក្នុងគ្រាអាសន្ននេះ។
លោក Simon បានមានប្រសាសន៍បន្ថែមថា “យើងពិតមានមោទនភាពណាស់ ដែលបានទទួលរង្វាន់នេះ។ វាអាស្រ័យលើការខិតខំប្រឹងប្រែង និងទង្វើដែលមិនគិតតែពីខ្លួនឯង របស់បុគ្គលិកសែលកាត ព្រមទាំងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទាំងមូល និងលោកអគ្គនាយករបស់យើង ដែលបានបង្ហាញឲ្យឃើញនៅក្នុងឆ្នាំនេះ ក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការ សម្រាលបន្ទុក របស់សហគមន៍”។
យើងមានមោទនភាព ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% សែលកាត បានបញ្ចេញគំនិតផ្តួចផ្តើមមួយចំនួន ក្នុងឆ្នាំនេះ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របជាមូយការផ្តល់ជំនួយ ដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុត ដោយជំងឺរាតត្បាត។
ក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្រុមការងារផ្នែកបណ្តាញសេវារបស់ សែលកាត បានធានាថា អ្នកដែលរស់នៅក្នុងតំបន់ក្រហម អាចបន្តទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់បាន តាមរយៈការពង្រឹងបណ្តាញសេវា និងដាក់ពង្រាយបណ្តាញ អង់តែនបន្ថែមទៀត នៅទូទាំងតំបន់។
លើសពីនេះទៅទៀត ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ សែលកាត បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់នូវការផ្គត់ផ្គង់សំខាន់ៗ ឱ្យដល់អ្នករស់នៅតំបន់ក្រហម រួមទាំងអាហារ និងរបស់របរប្រើប្រាស់ ក្នុងផ្ទះផ្សេងទៀត នៅពេលដែលពួកគេ មិនអាចចាកចេញពីផ្ទះបាន។
បុគ្គលិកស្ម័គ្រចិត្ត ក៏បានលះបង់ពេលវេលារបស់ខ្លួន ក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលចាក់វ៉ាក់សាំង រ៉ូយ៉ាល់គ្រុប គាំទ្រដោយក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោផងដែរ ដែលបានដំណើរការ អស់រយៈពេលជាងមួយខែ កន្លងមក ហើយបានចាក់វ៉ាក់សាំង ដល់មនុស្សជាងមួយម៉ឺននាក់។
លោក Simon បានបន្ថែមថា “ជំងឺរាតត្បាតបានបង្ហាញពីពេលវេលា ដែលមិនធ្លាប់មានពីមុនមក ហើយយើងប្តេជ្ញាគាំទ្រ សហគមន៍ដែលយើងធ្វើការជាមួយ តាមលទ្ធភាពដែលយើងអាចធ្វើបាន។ យើងទាំងអស់គ្នាបានឆ្លងកាត់ និងពុះពារនូវជំងឺរាតត្បាតជាមួយគ្នា ហើយអាចអបអរសាទរ ដល់សមិទ្ធិផលទាំងនេះ នៅពេលយើងក៏កំពុងអបអរ នូវការបើកដំណើរការប្រទេសឡើងវិញ គ្រប់វិស័យម្តងទៀត”។
ការប្តេជ្ញាចិត្តរបស់ សែលកាត ចំពោះទំនួលខុសត្រូវសង្គម មិនត្រឹមតែការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩នោះទេ និងបង្កើតជាផ្នែកស្នូល នៃប្រតិបត្តិការរបស់ខ្លួន។ ទូរគមនាគមន៍កំពុងឈានមុខគេ នៅពេលនិយាយអំពីការ លើកកម្ពស់ជំនាញ និងផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងវិស័យនវានុវត្តន៍ឌីជីថល។
នេះក៏រួមបញ្ចូលទាំងការគាំទ្រ ដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អ្នកវិទ្យាសាស្ត្រ វ័យក្មេងផ្នែកទិន្នន័យ ចំនួនប្រាំពីររូប។ នៅឆ្នាំនេះ សែលកាត ក៏បានសហការជាមួយ អ្នកជំនាញការសរសេរកូដ និងមនុស្សយន្តពី SabaiCode ដើម្បីផ្តល់អាហារូបករណ៍ ចំនួន 10 ក្នុងការចូលរួម វគ្គសិក្សាសរសេរកូដ Bootcamp រយៈពេល 12 ខែផងដែរ។
ដោយជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ សែលកាត ក្នុងការកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា ទទួលយកឧស្សាហកម្ម 4.0 សកម្មភាព ចំពោះទំនួលខុសត្រូវសង្គម របស់សែលកាត ផ្តោតលើការច្នៃប្រឌិតផ្នែកឌីជីថល នឹងនៅតែជាអាទិភាព ទៅអនាគត។
សែលកាត មានមោទនភាព ដែលបានក្លាយជាសមាជិក របស់ AmCham Cambodia៕