សែលកាត ចាប់ដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បើកការប្រកួតដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ដែលនឹងកើតមានឡើងចាប់ពីទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ជាជំហានមួយ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី ៣១ សម្រាប់ក្រុមកីឡាករអេឡិចត្រូនិក ក្នុងស្រុក។
កម្មវិធីសន្និសីទសារព័ត៌នេះ ប្រព្រឹត្តឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffle Le Royal ដើម្បីសម្ពោធការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដែលក្នុងនោះមានការចូលរួមពី លោក លន់ សាម៉ីឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត, លោក កាំង សុធា តំណាង លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC, និង លោក ពន់ សុខ តំណាងលោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តឡើងនៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងហាណូយ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយសម្រាប់រដូវកាលក្រោយៗ នៃការប្រកួតប្រភេទកីឡានេះ កីឡាអេឡិចត្រូនិកនឹងក្លាយជាព្រឹត្តិការណ៍ការប្រកួតមេដាយជាផ្លូវការ។ កម្ពុជានឹងជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ ការប្រកួតមេដាយកីឡាអេឡិចត្រូនិក ចំនួនបី រួមទាំងវិញ្ញាសាហ្គេមទូរស័ព្ទធំៗចំនួនពីរគឺ PUBGM និង Mobile Legends Bang Bang ។
ការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម បើកសម្រាប់ការចុះឈ្មោះនៅថ្ងៃនេះ តាមរយៈគេហទំព័រ Playgame។ ការប្រកួតនេះជាការស្វែងរកក្រុមកីឡាករអេឡិចត្រូនិក ជម្រើសជាតិរួមមានវិញ្ញាសារ PUBGM និង MLBB ដែលក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នឹងត្រូវបានជ្រើសរើស ជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) រួមដំណើរនៅក្នុងការ ប្រកួតស៊ីហ្គេមនេះផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា “សហគមន៍កីឡាអេឡិចត្រូនិកពិតជាអភិវឌ្ឍបានឆ្ងាយណាស់បើធៀប ជាមួយនឹងពេលដែលយើងទើបតែចាប់ផ្តើមពីមុនមក ប៉ុន្តែយើងក៏នៅតែបន្តជំរុញបន្ថែមទៀត ដោយមិនត្រឹមតែ ព្យាយាមផ្តល់នូវការភ្ជាប់ទំនាក់ទំនង ដែលចំាបាច់សម្រាប់ប្រភេទកីឡានេះ ឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាស ដល់ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា ឱ្យជាទីទទួលស្គាល់ទាំងក្នុងស្រុកនិងក្រៅស្រុក។
ជាមួយនឹងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម ដែលកាន់តែខិតជិតមកដល់នេះ សែលកាត រួមសហការជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា (MOEYs) បានរៀបចំគំនិតផ្តួចផ្តើមនូវការប្រកួត ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ដើម្បីធានាថាកម្ពុជា នឹងបានចូលរួមនៅក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី ៣១ ការប្រកួតមេដាយ កីឡាអេឡិចត្រូនិក”។
ខណៈពេលដែលថ្ងៃនេះ មានការបើកឱ្យចុះឈ្មោះសម្រាប់ការប្រកួតថ្នាក់ជាតិ ដំណើរឆ្នោះទៅកាន់ស៊ីហ្គេម មានក្រុមកីឡាករអេឡិចត្រូនិកចំនួនពីរក្រុមរួចទៅហើយ ដែលបានជាប់ឈ្នោះនៅក្នុងការប្រកួតវគ្គ ៦៤ ក្រុមចុងក្រោយ។ ក្នុងនោះមានក្រុម APG Esports និង Orange Esports សម្រាប់ប្រកួតហ្គេម PUBGM ដែលជាពីរក្រុមដំបូងដែលបានជាប់ឈ្នោះដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតថ្នាក់ជាតិ ដំណើរឆ្នោះទៅកាន់ស៊ីហ្គេមនេះ តាមរយៈជ័យជម្នះរបស់ពួកគេ ក្នុងការប្រកួត Pre-SEAGAMES ដែលបានប្រព្រឹត្តឡើងកាលពីដើមឆ្នាំកន្លងមកនេះ។
ការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម គឺជាផ្នែកមួយនៃរបៀបវារៈរបស់ក្រុមហ៊ុន សែលកាត ក្នុងការគាំទ្រ អភិវឌ្ឍនធនធានប្រកបដោយគុណភាព និងពង្រីកប្រភេទកីឡាអេឡិចត្រូនិក និងសហគមន៍ហ្គេមនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយជាងមុន។ ចាប់តាំងពីឆ្នាំ ២០១៩ មក សែលកាត បានរួមចំនែកក្នុងការ អភិវឌ្ឍនូវប្រភេទកីឡានេះ ឱ្យកាន់តែរីកចម្រើន ជាមួយនឹងការដាក់ដំណើរការផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងនៅតែបន្តរៀបចំ ការប្រកួតកីឡាអេឡិចត្រូនិកដោយការរួមសហការផ្តាច់មុខ ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ។
លោក Simon Perkins បានបន្ថែមទៀតថា “យើងនៅតែបន្តខិតខំប្រឹងប្រែងក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីៗដែលពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិក និងបន្តជំរុញនូវផែនការសម្រាប់ ផលិតផលនិងសេវាកម្មរបស់ សែលកាត ដែលនឹងដាក់ដំណើរការនៅប៉ុន្មានខែខាងមុខនេះ”។
ចាប់ផ្តើមបើកឱ្យចុះឈ្នោះដោយឥតគិតថ្លៃ សម្រាប់ការប្រកួតដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម គ្រាន់តែចូលទៅកាន់គេហទំព័រ www.unlimited.play.com.kh/arena បិទការចុះឈ្នោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២៕









