ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។
កិច្ចសហប្រតិបត្តិការថ្មីនេះគឺជាការសហការមួយក្នុងចំណោមការសហការជាច្រើនរបស់ទ្រូម៉ាន់នីដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់ TrueMoney Wallet នូវប្រព័ន្ធទូទាត់ប្រាក់ថ្មីដែលរំពឹងថានឹងអាចធ្វើឱ្យអតិថិជន ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងទូទាត់ប្រាក់បានយ៉ាងទូលំទូលាយតាមអនឡាញ។ ការចងសម្ពន្ធភាពជាមួយ Nham24 គឺជាការចុះអនុស្សរណៈថ្មីមួយទៀតក្នុងការចូលរួមទូទាត់តាមប្រព័ន្ធអនឡាញរបស់ទ្រូម៉ាន់នី។
ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ ដើម្បីពង្រីកបន្ថែមនូវវិធីទូទាត់ប្រាក់ដែលអតិថិជនត្រូវចំណាយលើការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022។
ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានផ្តល់ជូនអតិថិជន Nham24 នូវប្រូម៉ូសិនពិសេស។ អតិថិជន Nham24 ដែលទូទាត់ប្រាក់តាម TrueMoney Wallet នឹងទទួលបានប្រាក់ត្រឡប់ទៅវិញ 3$ ភ្លាមៗ។ ប្រូម៉ូសិនពិសេសនេះត្រូវបានអនុវត្តចំពោះអតិថិជនដែលចំណាយចាប់ពី 10$ លើការបញ្ជាទិញរបស់ពួកគេចាប់ពីថ្ងៃទី 18 ខែឧសភា ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃ ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា “នេះគឺជាអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយដែលពួកយើងកំពុងអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងគឺអតិថិជនរបស់ ទ្រូម៉ាន់នី និងអតិថិជនរបស់ Nham24”។ គាត់បានបន្តទៀតថា “Nham24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App)ដ៏ធំបំផុតមួយ ក៏ដូចជាក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយផងដែរ។ យើងនឹងរួមគ្នាផ្តល់សេវាកម្មដ៏មានតម្លៃដល់អតិថិជនរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើង។”
ការសហការគ្នានេះត្រូវបានគេរំពឹងថានឹងបើកឱកាសឱ្យអតិថិជនជាច្រើន ដើម្បីធ្វើការទូទាត់ប្រាក់តាមអនឡាញដោយប្រើ TrueMoney Wallet លើសពីនេះទៅទៀត ក៏បានជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ជម្រុញការទូទាត់តាមអនឡាញកាន់តែមានជម្រើសច្រើនសម្រាប់អតិថិជនផងដែរ។
លោក ចាន់ បូរីម៉ា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 បានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលអាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនដ៏ល្បីឈ្មោះ និងគួរឱ្យទុកចិត្តដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី” ។ លោកបានបន្តទៀតថា “ក្នុងនាមជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) យើងបានជួយអាជីវកម្មរាប់មឺុនកន្លែងនៅពេលដែលអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ19។ ឥឡូវនេះ យើងចង់ជួយអាជីវកម្មទាំងនោះ ដោយផ្តល់ជូននូវវិធីបង់ប្រាក់ឱ្យបានច្រើនជម្រើសតាមតែអាចធ្វើទៅបាន តាមរយៈស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេដូចជាក្រុមហ៊ុន ទ្រូម៉ាន់នីជាដើម។ ”
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕
អំពី Nham24
Nham24 គឺជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) ដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ហើយចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ 2016 ដែលឥលូវកំពុងតែមានប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ Nham24 បានអភិវឌ្ឍន៍ខ្លួនពីភ្លែតហ្វមដឹកជញ្ជូនអាហារទៅជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) ដ៏ធំមួយ ដែលរំពឹងទុកថានឹងបង្កើតនូវសេវាថ្មីៗទៀតជាច្រើននាពេលខាងមុខ សម្រាប់អតិថិជនរបស់ខ្លូន។ Nham24 មានអ្នកដឹកជញ្ចូនដែលមានវិជ្ជាជីវៈច្បាស់លាស់ជាង 2,000នាក់ និងពាណិជ្ជករ ឬហាងដ៏ល្បីៗ ដែលជាដៃគូរាប់មុឺនកន្លែង។ បច្ចុប្បន្ន Nham24 មានចំនួនអតិថិជនសកម្មកំពុងប្រើប្រាស់សេវាកម្មដ៏ សម្បូរបែបរបស់ខ្លួនជាង ៦ សែននាក់ហើយចំនួននេះត្រូវបានរំពឹងទុកថានឹងកើនឡើងយ៉ាងរហ័សនាពេលអនាគត៕