ចាកាតា៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងក្រុមហ៊ុន Mitra Adiperkasa (MAP) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងការនាំយកម៉ាកល្បីៗមកកម្ពុជា រួមមាន ZARA, New Balance, FitFlop, Digimap និងម៉ាកល្បីៗជាច្រើនទៀត ដើម្បីដាក់លក់ក្នុងផ្សារទំនើបធំៗរបស់ ជីប ម៉ុង រីថែល។
ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនៅឯ Sahid Sudirman Center ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល លោក V.P. Sharma ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន MAP ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូបទៀត។
លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងផ្នែកសេដ្ឋកិច្ច និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលតម្រូវការរបស់ប្រជាជនខ្មែរ ផ្នែកកម្សាន្ត និងការនិយមផលិតផលម៉ាកល្បីៗ កំពុងកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាទាំងអស់នេះបានទាក់ទាញក្រុមហ៊ុនម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ឱ្យមានទំនុកចិត្ដខ្ពស់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ជីប ម៉ុង រីថែល បានចាប់យកឱកាសនេះ និងបានក្លាយជាដៃគូជាមួយម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ដែលបច្ចុប្បន្ន មានដល់ទៅជាង ១៧០ ម៉ាក។
លោក V.P. Sharma ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន MAP បានបញ្ជាក់ថា៖ «ក្រុមហ៊ុន MAP រីករាយជាខ្លាំងដែលបានសហការជាមួយ ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនធំ និងកំពុងរីកចម្រើននៅកម្ពុជា។ យើងបានសម្លឹងមើលឃើញនូវសក្តានុពល ទាំងទីតាំងផ្សារ និងភាពជាដៃគូយ៉ាងសម្បូរបែបជាមួយនឹងម៉ាកល្បីៗលំដាប់អន្តរជាតិ ធ្វើឱ្យយើងមានជំនឿចិត្តក្នុងការក្លាយជាដៃគូនៅគ្រប់គម្រោងធំៗរបស់ ជីប ម៉ុង រីថែល ទាំងបច្ចុប្បន្ន និងអនាគត។»
បច្ចុប្បន្ន ផ្សារទំនើបធំៗរបស់ ជីប ម៉ុង រីថែល បានបើកដំណើរការចំនួន ៤ ទីតាំងហើយ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ ជីប ម៉ុង សែនសុខ ម៉ល និង ជីប ម៉ុង ៥៩៨ ម៉ល។ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ហើយគម្រោងក្រោយៗទៀតរបស់ ជីប ម៉ុង រីថែល នឹងបើកដំណើរការជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ ជីប ម៉ុង 50M ម៉ល ជីប ម៉ុង 60M ម៉ល ជីប ម៉ុង 6A ម៉ល ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម។
អំពីក្រុមហ៊ុន៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។
ក្រុមហ៊ុន MAP បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ មានទីស្នាក់ការនៅឯប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនទទួលបានសិទ្ធិធ្វើប្រតិបត្តិការហាងលក់ផលិតផលម៉ាកល្បីៗលំដាប់ពិភពលោក ហើយបច្ចុប្បន្ន MAP បាន និងកំពុងគ្រប់គ្រងហាងប្រមាណជាង២៤០០កន្លែង និងមានម៉ាកល្បីៗលំដាប់ពិភពលោកជាង១៥០ម៉ាកនៅក្នុងដៃ។