ជីប ម៉ុង បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ Nutifood ហើយក្រោយចុះអនុស្សារណៈ នៃការយោគយល់គ្នារួច ក្រុមហ៊ុនបានប្រកាសឧបត្ថម្ភទឹកដោះគោ NuVi ចំនួន ៥លានប្រអប់ភ្លាមៗដល់កុមារកម្ពុជា ទូទាំងប្រទេស។
តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នា ដែល ធ្វើនៅព្រឹកថ្ងៃ ទី ១៤ខែ មិថុនានេះ ក្រុមហ៊ុន ជីប ម៉ុង នឹង ទទួលបានសិទ្ធិក្នុងការចែកចាយ ផលិតផលទឹកដោះគោ នូវី (NuVi) ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។
លោកស្រី គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង បានមានប្រសាសន៍ថា ជីប ម៉ុង បានចាប់ដៃគូ ជាមួយក្រុមហ៊ុនNutifood ដោយសារក្រុមហ៊ុនមើលឃើញថា ក្រុមហ៊ុន Nutifood ជាក្រុមហ៊ុនលំដាប់អន្តរជាតិ ផលិតផលមានគុណភាពខ្ពស់ និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់គុណភាពស្ដង់ដាអន្តរជាតិ។ ទឹកដោះគោនូវី (NuVi) ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម សម្រាប់កុមារនឹង ចូលរួមជួយឲ្យកុមារកម្ពុជា លូតលាស់បានល្អទាំងរាងកាយ ជាពិសេសកម្ពស់ និងខួរក្បាល។
ផលិតផល ទឹកដោះគោ នូវី (NuVi) ផលិតតាម រូបមន្តនៃ ការ ផលិតដឹកដោះគោ នៃ ប្រទេស ស៊ុយអែត។ បច្ចុប្បន្ន ទឹកដោះគោនូវី(NuVi) មានការចែកចាយ នៅតាមបណ្ដា ប្រទេសជាច្រើន ដូចជាជប៉ុន, ចិន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, តៃវ៉ាន់, វៀតណាម និងឡាវ។
ចុងបញ្ចប់នៃ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន Nutifood បានប្រកាស បរិច្ចាគទឹកដោះគោចំនួន ៥លានប្រអប់ ដល់កុមារកម្ពុជា ទូទាំងប្រទេស៕






