ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនខ្មែរ ទទួលបានសិទ្ធិផ្តាច់មុខសាច់គោជប៉ុន ឈ្មោះ វាកយូ Wagyu ក្នុងតំលៃធូរថ្លៃបំផុតមិនធ្លាប់មាន ក្រោម១០០ដុល្លារ ខណៈតំលៃទីផ្សារបច្ចុប្បន្ន មានតម្លៃដល់ទៅជិត៣០០ដុល្លារឯណោះ ។

ក្នុងពិធី ធ្វើបទបង្ហាញអំពីសាច់គោជប៉ុន Wagyu Beef ចែកចាយផ្តាច់មុខដោយក្រុមហ៊ុន កម្ពុ ត្រេឌីង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានសួន លោក ជង់ វិធូរ អគ្គនាយកក្រុមហ៊ុន កម្ពុ ត្រេឌីង បានលើកឡើងថា “សាច់គោ Wagyu គឺជាសាច់គោដែលមានឈ្មោះល្បី នាំចូលពីប្រទេសជប៉ុន អាចនិយាយបានថា សាច់គោនេះ ជាសាច់គោតំណាងប្រទេសជប៉ុនតែម្តង ។ ខុសពីសាច់គោផ្សេងៗ ជាសាច់គោ ស្ថិតក្នុងចំណោមសាច់គោ ដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងពិភពលោក ។ យើងពិតជា ទទួលបានឱកាសពិសេសមែនទែន ដែលក្រុមហ៊ុន កម្ពុ ត្រេឌីង យើង បានទទួលសិទ្ធិចែកចាយ ។
លោកបានបន្តថា ក្រុមហ៊ុន កម្ពុ ត្រេឌីង មិនត្រឹមតែចុះកិច្ចព្រមព្រៀង (MoU) ផ្តាច់មុខនោះទេ យើងទទួលបានសិទ្ធិផ្តាច់មុខ លក់សាកល្បងរហូតដល់១ឆ្នាំដំបូងសិន ។ កាន់តែប្រសើរទៀតនោះ បន្ទាប់ពីរោងចក្រ នៅជប៉ុន បានដំណើរកាចែកចាយ ទូទាំងពិភពលោក ក្រុមហ៊ុន កម្ពុ ត្រេឌីង គឺទទួលបានសិទ្ធិដំបូងគេ មកលក់ក្នុងប្រទេសកម្ពុជាតែម្តង ។
ក្នុងឱកាសនោះ លោកបានអះអាងថា “ជារឿងសំណាងមែនទែន ដែលយើងបានចែកចាយ សាច់គោដែលល្បី ក្នុងពិភពលោក ដោយទទួលបានតម្លៃពិសេសពីរោងចក្រ ។
តាមការបញ្ជាក់ដោយខ្លីៗ ពីលោក ជង់ វិធូរ សាច់គោ Wagyu មាន៧ចំណុច ដែលលោកធ្វើការកត់សម្គាល់ និងគួរតែធ្វើយ៉ាងណា មានកិច្ចសហការ លក់និងចែកចាយសាច់គោ Wagyu នៅកម្ពុជា ដោយទី១ សំខាន់បំផុតរសជាតិសាច់គោឆ្ងាញ់ ជាងសាច់គោផ្សេងៗ ពីបែកអ៊ឺរ៉ុប និងអាមេរិកជាដើម, ទី២ជាជម្រើសអាហារដែលផ្តល់នូវសុខភាព, ទី៣ជាចំណុចដែលមិនអាចមើលរំលង គឺជាប្រភេទសាច់គោដែលទទួលបាន ការបញ្ជាក់គុណភាពត្រឹមត្រូវ, ទី៤ ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់សាច់គោ Wagyu នៅលើឆាកអន្តរជាតិ ហើយពិតណាស់ សម្រាប់អ្នកចែកចាយ នឹងងាយស្រួលជម្រុញការលក់ តាមរយៈបទពិសោធន៍ ដែលសាច់គោនេះ កំពុងសុះសាយស្រាប់លើពិភពលោក, ទី៥ ចំណុចពិសេសមួយ ដែលសាច់គោ Wagyu មានហើយល្អសម្រាប់ទាំងអ្នកបរិភោគ និងអ្នកលក់បន្ត គឺ សាច់គោ Wagyu មិនមានគូប្រជែងនោះទេ, ទី៦ ជាចំណុចសំខាន់បំផុត សម្រាប់អ្នកដែលមានបំណង ចង់បង្កើតកិច្ចសហការ លក់បន្តក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវផល់ចំណេញខ្ពស់ និងចំណុចចុងក្រោយទី៧ គឺការស្ថិតស្ថេរ ជានិរន្តរភាពតែម្តង ។
គួរឲ្យដឹងថា តាមការលើកឡើងខ្លះអំពីដំណើរការ រក្សាសាច់គោ Wagyu ពីលោក Atsu Nakata នាយកក្រុមហ៊ុន Foods-i របស់ជប៉ុន បានលើកឡើងថា សាច់គោ Wagyu ជាសាច់ដែលផលិតដោយការចាក់បញ្ចូលខ្លាញ់របស់គោនោះ ចូលទៅក្នុងជ្រៅនៃសាច់គោ ដែលការធ្វើបែបនេះ បានធ្វើឲ្យសាច់គោ ប្រែរូបរាងថ្មីមួយទៀត ខណៈដែលបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសជប៉ុន អស់រយៈពេល ៣០ឆ្នាំមកហើយ៕



















