Newton មិនពេញចិត្តឪពុកចុងគេទេ ហើយគេតែងតែបង្កជម្លោះជាមួយម្ដាយអំពីរឿងរៀបការជាមួយប្ដីថ្មីនេះ។ ចាប់ ពីអាយុ១២ដល់១៧ឆ្នាំ Newton បានចូលរៀននៅសាលា The King’s School ដែលជាសាលាបង្រៀន មុខវិទ្យាវេយ្យាករណ៍អង់គ្លេស។ នៅខែតុលាឆ្នាំ១៦៥៩ ម្ដាយNewtonបានលែងលះប្ដីទីពីរ ហើយគាត់បានបង្ខំឲ្យ Newton ឈប់រៀន ហើយឲ្យទៅធ្វើស្រែចម្ការ ខណៈដែលNewton មិនចូលចិត្តការងារស្រែចម្ការទេ។
ជាសំណាងល្អ សាស្ត្រាចារ្យ Henry Stokes ដែលធ្លាប់បង្រៀននៅសាលាដែល Newton រៀនពីមុននោះ បានជួយពន្យល់ណែនាំម្ដាយរបស់គេឲ្យបញ្ជូន Newton ទៅរៀនបន្ត។ ម្ដាយ Newton ក៏យល់ព្រមឲ្យកូនប្រុសរបស់គាត់ បន្តការសិក្សារហូតដល់ចប់។ អ្វីដែលជាមូលហេតុចម្បងជំរុញ ឲ្យកុមាររូបនេះរៀនពូកែរហូតទទួល បានចំណាត់ថ្នាក់ល្អនោះ គឺដោយសារតែគេចង់ក្លាយជាសិស្សល្បី មានកេរិ៍្តឈ្មោះម្នាក់នៅក្នុងសាលា ដើម្បីកុំឲ្យក្រុមក្មេងពាល ក្នុងសាលាធ្វើបាបគេទៀត។
ចាប់ពីឆ្នាំ ១៦៦១ មក Newton ចាប់ផ្ដើមប្រឡូកការងារ ក្នុងតំណែងតូចមួយនៅសាលា Cambridge។ តាំងពីពេលនោះមក គាត់ចាប់ផ្ដើមអាននិងស្វែងយល់ ពីទស្សនវិជ្ជាទំនើបៗដូចជា ទស្សនវិជ្ជារបស់លោក Descartes, Copernicus, Galileo និង Kepler ជាដើម។ បន្ទាប់ពីនោះមក គេចាប់ផ្ដើមស្រាវជ្រាវគន្លឹះ និងទ្រឹស្ដីសំខាន់ៗជាច្រើនទៀត ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយៗ យកមកប្រើប្រាស់រហូតដល់សព្វថ្ងៃ។
ការបង្កើតទ្រឹស្ដីគណិតវិទ្យា
ចាប់ពីឆ្នាំ១៦៦៧មក Newton បានបង្កើត និងស្រាវជ្រាវទ្រឹស្ដីសំខាន់ៗជាច្រើន នៅក្នុងគណិតវិទ្យា។ ទ្រឹស្ដីដែលគាត់បានរកឃើញ ភាគច្រើនជាទ្រឹស្ដីដែលទាក់ទង នឹងរបៀបគណនាចំនួន ជាក់ស្ដែងដូចជាទ្រឹស្ដីទ្វេធា និងទ្រឹស្ដីពហុធាជាដើម។
អុបទិក
ពីឆ្នាំ ១៦៧០ ដល់ឆ្ នាំ១៦៧២ Newton ចាប់ផ្ដើមបង្រៀនមុខវិជ្ជាអុបទិក។ ទន្ទឹមគ្នានឹងការបង្រៀនមុខវិជ្ជាអុបទិកនេះ Newton បានបន្តស្រាវជ្រាវទ្រឹស្ដីពណ៌ (Theory of Colour) ថែមទៀតផង។ ទ្រឹស្ដី អុបទិកនេះ បានក្លាយជាមូលដ្ឋានដ៏សំខាន់មួយ ជំរុញឲ្យគាត់រកឃើញទ្រឹស្ដីពន្លឺ ។
Mechanic និងច្បាប់ទំនាញដី
នៅឆ្នាំ១៦៧៩ គាត់បានចាប់ផ្ដើមសិក្សាលើ Mechanics ដែលផ្ដោតសំខាន់ទៅលើទំនាញដី និងឥទ្ធិពលលើគន្លងរបស់ភពនីមួយៗ ដោយផ្អែកតាមច្បាប់ Kepler។ ក្រោយមកទៀត ចាប់ពីឆ្នាំ១៦៨០-១៦៨១ គាត់បានងាកមកចាប់អារម្មណ៍សិក្សាតារាវិញម្ដង ដោយសារនៅអំឡុងពេលនោះ មានបាតុភូតផ្កាយដុះកន្ទុយ ធ្លាក់នៅប្រទេសអង់គ្លេស។ ក្នុង អំឡុងពេលនោះ ទ្រឹស្ដីសំខាន់បំផុតដែលគាត់បានបង្កើតគឺ ច្បាប់ជាសកលស្ដីពីចលនា ដែលក្រោយមកទ្រឹស្ដីនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវយក ទៅប្រើប្រាស់នៅសម័យបដិវត្តន៍។
ការកាន់តំណែង ក្នុងស្ថាប័នរដ្ឋនិងឯកជន
Newton បានកាន់តំណែងជាប្រធានការិយាល័យ និងមន្ទីរជាច្រើនកន្លែង។ Newton មិនត្រឹមតែមាននាទីជាប្រធានស្ថាប័ន និងមន្ទីរផ្សេងៗនោះទេ ថែមទាំងជាសមាជិកសភានៅចក្រភពអង់គ្លេសចាប់ពីឆ្នាំ១៦៨៩ដល់១៦៩០ ហើយមួយអាណត្តិទៀតនៅឆ្នាំ១៧០១។ ក្នុងតំណែងជាសមាជិកសភានេះ Newton ដូចជាមិនសូវមាន សកម្មភាពធំដុំប៉ុន្មាននោះទេ។
មក ដល់ឆ្នាំ១៦៩៦ Newton បានកាន់តំណែងថ្មីមួយទៀត គឺជាអ្នកឃ្លាំមើលដំណើរការណ៍ប្រព្រឹត្តិ ទៅនៃការប្រើប្រាស់កាក់នៅប្រទេសអង់គ្លេស។ រហូតដល់ឆ្នាំ១៦៩៩ Newton បានក្លាយជាប្រធានគ្រប់គ្រងការប្រើប្រាស់កាក់។ ក្រោយពីបានកាន់តំណែងនេះ Newton បានធ្វើកំណែទម្រង់ជាច្រើន លើរូបិយវត្ថុរបស់អង់គ្លេស។ ក្រោយ មកទៀត នៅឆ្នាំ១៧០៣ គាត់បានក្លាយជាប្រធានកិច្ចការសង្គម ដែលតែងតាំងឡើងដោយព្រះមហាក្សត្រ។ ក្រៅពីតំណែងទាំងនេះ គាត់ក៏មានតួនាទីមួយទៀតគឺជា ប្រធានរាជបណ្ឌិតសភាវិទ្យាសាស្ត្រ។
មរណភាព
ដោយសារតែវ័យកាន់តែច្រើន Newton បានត្រឡប់មករស់នៅ Cranbury Park។ លោកទទួលមរណភាពនៅទីក្រុងនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៧២៧។ សព Newton ត្រូវបានគេយកទៅបញ្ចុះនៅឯ Westminster Abbey។
ក្រោយពីគាត់អនិច្ចកម្មបានប៉ុន្មានឆ្នាំ មានក្រុមអ្នកស្រាវជ្រាវគាស់ផ្នូរ ហើយគេរកឃើញ មានជាតិបារត ជាច្រើន។ ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានគូសបញ្ជាក់ពីមូលហេតុនេះថា ដោយសារតែគាគេចំណាយពេលច្រើន ពេកក្នុងការស្រាវជ្រាវពីគីមី ។
កេរ្តិ៍ឈ្មោះ
បើទោះបីជា Newton បាត់បង់រូបកាយយ៉ាងណាក្ដី ក៏កេរ្តិ៍ឈ្មោះ និងស្នាដៃ ត្រូវបានមនុស្សជាច្រើន ទទួលស្គាល់ពីតម្លៃឥតកាត់ថ្លៃបានរបស់លោក ព្រោះថាប្រសិនបើគ្មានការរកឃើញណាមួយរបស់អ្នកវិទ្យសាស្ត្ររូបនេះ លើផ្នែករូប គីមី គណិត និងជាមូលដ្ឋានមួយចំនួនទៀត យ៉ាងសំខាន់នោះទេ នោះពិភពលោកក៏គ្មានការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រឲ្យរីកចម្រើន រហូតដល់បច្ចុប្បន្ននេះដែរ។
កាលពីឆ្នាំ២០០៥ មានការស្ទង់មតិមួយ បានធ្វើឡើងនៅចក្រភពអង់គ្លេស ដោយវាយតម្លៃទៅលើអ្នកវិទ្យាសាស្ត្រ កាលពីសម័យអតីតកាលមាន ឥទ្ធិពលក្នុងវិស័យវិទ្យាសាស្ត្របំផុត។ ជាលទ្ធផលអ្នកវិទ្យាសាស្ត្រ ដែលទទួលបានការគាំទ្រ និងឲ្យតម្លៃបំផុត បានទៅលើ Isaac Newton តែម្នាក់គត់ ៕
ប្រភព៖ Sabay