ព្រឹត្តិការណ៍

កាន់តែធ្ងន់ធ្ងរ! អ្នកស្លាប់កើនដល់ជាង ២០នាក់ ក្រោយរញ្ជួយដីពីរវាយប្រហារហ្វីលីពីនផ្ទួនៗគ្នា

ចំនួន​អ្នក​ស្លាប់ បាន​កើន​ឡើង​ដល់ ២១​នាក់​ហើយ​បើ​គិត​មក​ទល់​ពេល​នេះ ក្រោយ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់​ពីរ​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​កាល​ពី​សប្ដាហ៍​មុន។

យោង​តាម​អាជ្ញាធរ​ហ្វីលីពីន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៦​វ៊ិចទ័រ និង ៦,៥​វ៊ិចទ័រ បាន​វាយ​ប្រហារ​មក​លើ​កោះ Mindanao ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ផ្សេង​គ្នា ដែល​បាន​បំផ្លិច​បំផ្លាញ​អគារ និង​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង។ ប្រភព​ដដែល​បន្ដ​ថា គ្រោះ​រញ្ជួយ​ដី​នេះ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ៤៣០ នាក់​ផ្សេង​ទៀត​រង​របួស​ហើយ​ពីរ​នាក់ កំពុង​បាត់​ខ្លួន​ផង​ដែរ។ ចំណែក​ឯ​វីដេអូ​ក្នុង​ទូរទស្សន៍ បាន​បង្ហាញ​ពី​សកម្មភាព​អ្នក​ភូមិ​មួយ​ចំនួន នាំ​គ្នា​ស្នាក់​នៅ​ក្រោម​តង់​តាម​ដង​ផ្លូវ ហើយ​សុំ​ជំនួយ​ជា​អាហារ និង​ទឹក​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់។

ក្រោយ​កើត​ហេតុ ជម្រក​បណ្ដោះ​អាសន្ន ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ជន​រង​គ្រោះ​ជាង ២ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ស្នាក់​នៅ​ទី​នោះ​ចាប់​តាំង​ពី​មាន​ការ​រញ្ជួយ​ដី​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១៦​ខែ​តុលា។ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកជួយសង្គ្រោះ បានបន្តការជម្លៀសក្រុមគ្រួសារដែលរងគ្រោះថ្នាក់ដោយសារការបាក់ដី ខណៈដែលអ្នកស្រុកជាច្រើនជាប់នៅក្នុងភូមិតំបន់​ភ្នំ ត្រូវបានបញ្ជូនទៅទីសុវត្ថិភាព។

ជាមួយគ្នាដែរ រដ្ឋាភិបាលឲ្យដឹងថាជំនួយបានទៅដល់សហគមន៍ដែលរងផលប៉ះពាល់ហើយ និងណែនាំឱ្យ​ជន​រង​គ្រោះ​ដែល​សម្រាក​នៅ​តាម​ផ្លូវ ត្រូវទៅកាន់មជ្ឈមណ្ឌលជម្លៀសដើម្បីសុំជំនួយជា​បន្ទាន់៕

ប្រភព៖Sabay

Most Popular

To Top