ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង ៥៣៣គ្រួសារ នាវេលាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

គេហទំព័រហ្វេសប៊ុក Royal du Cambodgeបានបញ្ជាក់ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ(បន្ទះសឡា) ១គ្រឿង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា ១០ម៉ឺនរៀល និងអាហារសម្រន់(នំប៉័ងបាក់យ៉ុងចំនួន ២ដើម ទឹកបរិសុទ្ធ ១ដប)៕


