ស្មាតហ្វូនគឺជាឧបករណ៍ប្រើប្រាស់ដ៏សំខាន់មួយក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដោយមិនថារាស្ត្រសាមញ្ញធម្មតា ឬមេដឹកនាំកំពូលៗក្នុងលោកក៏សុទ្ធសឹងតែកាន់ស្មាតហ្វូនក្នុងដៃ។ តើអ្នកធ្លាប់ដឹងទេប្រធានាធិបតីអាមេរិក ឥណ្ឌា កូរ៉េខាងជើង និងបារាំងប្រើប្រាស់ទូរសព្ទម៉ាកអ្វីខ្លះ?
ប្រធានាធិបតីអាមេរិកលោក Donald Trump – iPhone
កាលពីប៉ុន្មានឆ្នាំមុន Trump ធ្លាប់ត្រូវបានគេប្រទះឃើញថាមានប្រើប្រាស់ស្មាតហ្វូន Samsung Galaxy របស់ក្រុមហ៊ុនកូរ៉េខាងត្បូងដើម្បីបង្ហោះមាតិកានៅលើបណ្តាញសង្គម Twitter។ ប៉ុន្តែក្រោយមក Trump ក៏ប្តូរមកប្រើប្រាស់ iPhone ដែលជាផលិតផលក្នុងស្រុកវិញ ព្រោះក្នុងគោលដៅបញ្ចៀសបញ្ហាអសន្តិសុខដែលរដ្ឋាភិបាលបានមានការព្រួយបារម្ភ។
ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong-un – HTC
ត្បិតជាមេដឹកនាំកំពូលមួយរូប ប៉ុន្តែលោក Kim នៅតែបន្តប្រើប្រាស់ស្មាតហ្វូនសេរ៊ីចាស់ដដែល ណាមួយក៏ដោយសារប្រទេសមួយនេះបានដាក់កំហិតមិនឲ្យនាំចូលផលិតផលប្រណីតតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ ជាលើកចុងក្រោយបង្អស់កាលពីឆ្នាំ ២០១៣ គេប្រទះឃើញលោកមានប្រើប្រាស់ទូរសព្ទ HTC លុះក្រោយៗមកមិនមានដំណឹងថាលោកបានឡើងសេរ៊ីណាមួយឬអត់ទេ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron – iPhone
ក្នុងរូបភាពចែកចាយលើបណ្ដាញសង្គម នៅលើតុការិយាល័យរបស់លោក Macron មានជាប់ម៉ាកទូរសព្ទ iPhone ចំនួន ២ គ្រឿង។ បើតាមដឹងបុរសវ័យ ៤១ ឆ្នាំរូបនេះទំនងជាអ្នកគាំទ្រផលិតផល Apple ច្រើនជាង Android។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi – iPhone
ទំនាក់ទំនងរវាងប្រទេសឥណ្ឌានិងអាមេរិកគឺមានភាពល្អប្រសើរច្រើន ដោយកន្លងទៅ Apple ធ្លាប់បានបោះទុនខ្ទង់ពាន់លានសាងសង់រោងចក្រផលិត iPhone ក្នុងទីក្រុង Bangalore។ ចំណែកឯលោក Modi ក៏ជាអ្នកស្រលាញ់ផលិតផលអាមេរិកមួយរូបដែរ ដោយជាញឹកញយគេឃើញលោកមានកាន់តាំងពីជំនាន់ iPhone 5s, iPhone 6/6s មកម្ល៉េះ៕ប្រភព៖Sabay