ព្រឹត្តិការណ៍

តើសម្តេចប៉ាប ហ្វ្រង់ស័រ នឹងទស្សនកិច្ចនៅកូរ៉េខាងជើង ជាប្រទេសដែលបានធ្វើទុក្ខបុកម្នេញខ្លាំងលើអ្នកកាន់សាសនាគ្រឹស្គដែរឬទេ?

បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានអញ្ជើញសម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស័រ មកបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក ដែលត្រូវបានគេចោទប្រកាន់ថា ជាប្រទេសមានកំណត់ត្រាអាក្រក់នៃការធ្វើទុក្ខបុកម្នេញលើគ្រិស្តសាសនាកាលពីឆ្នាំមុន។ ខណៈពេលដែលសម្តេចប៉ាប បានសម្តែងនូវឆន្ទៈចង់ទៅ ប៉ុន្តែគ្មានផែនការបែបនេះត្រូវបានបញ្ជាក់ឡើងនៅឡើយនោះទេ។ ការរំពឹងទុកអំពីដំណើរដែលអាចកើតមាន បានកើតឡើងចំពេលដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ នៅប្រទេសជប៉ុន ខណៈដែលមានសេចក្តីរាយការណ៍ថា លោកបានទទួលការអញ្ជើញពីប្រទេសកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើឱ្យសម្តេចប៉ាបហ្វ្រង់ស័រទៅពិនិត្យតំបន់គ្មានយោធារវាងកូរ៉េទាំងពីរនិងជួបមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុនបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដែលបញ្ចប់នៅថ្ងៃទី ២៦ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយរបស់កាសែត Chosun Ilbo ដោយដកស្រង់ប្រភពស្និទនឹងបញ្ហា។

ការស្នើសុំនេះពីការិយាល័យរបស់លោកមូន ត្រូវបានបញ្ជូននៅក្នុងខែកក្កដា តាមរយៈមន្រ្តីទូតកំពូលបុរីវ៉ាទីកង់ ប្រចាំនៅកូរ៉េខាងត្បូង និងម៉ុងហ្គោលី ។

ប៉ុន្តែតើជំនួបនេះពិតជានឹងកើតឡើងមែនដែរឬទេ? មេដឹកនាំកូរ៉េខាងត្បូងត្រូវបានគេនិយាយថា បានស្នើសុំម្តងហើយម្តងទៀតឱ្យបុព្វជិត (សម្តេចប៉ាប) ជួបជាមួយលោក គីម។ ឧទាហរណ៍លោកមូន ដែលជាអ្នកកាន់សាសនាកាតូលិក បានផ្ញើការអញ្ជើញរបស់លោកគីមជុងអ៊ុន ដោយផ្ទាល់សម្រាប់ដំណើរទស្សនកិច្ចដែលមិនធ្លាប់មានពីមុនកាលពីឆ្នាំមុន អំឡុងពេលលោកធ្វើជាទស្សនិកជនផ្ទាល់ជាមួយសម្តេចប៉ាបហ្វ្រង់ស្វ័រ។

លោក Cardinal Pietro Parolin រដ្ឋមន្រ្តីការបរទេសរបស់បុរីវ៉ាទីកង់ បានថ្លែងថា សម្តេចប៉ាបបានសម្តែងនូវឆន្ទៈចង់ទៅ។ លោកថា «យើងត្រូវរង់ចាំវា [ការអញ្ជើញ] ដែលត្រូវធ្វើជាផ្លូវការ»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top