សេអ៊ូល៖ ការិយាល័យរបស់លោកបានឲ្យដឹងថារដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានអំពាវនាវនៅថ្ងៃពុធនេះ ដើម្បីរក្សាជំហរការពាររឹងមាំមួយនៅពេល ដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានដោះដូរការគំរាមកំហែងប្រឆាំងនឹងគ្នាទៅវិញទៅមក។

លោកបានធ្វើការអំពាវនាវក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មេបញ្ជាការកំពូលៗ ដែលបានធ្វើឡើងនៅបរិវេណក្រសួងក្នុងទីក្រុងសេអ៊ូល ដោយមាននាយឧត្ដមសេនីយ៍ និងមន្ដ្រីយោធាជាន់ខ្ពស់ប្រហែល ១៥០ នាក់ និងមន្ដ្រីរដ្ឋាភិបាលមកពីទីភ្នាក់ងារពាក់ព័ន្ធបានចូលរួមក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានព្រមានដល់សហរដ្ឋអាមេរិក ឱ្យគោរពតាមកាលបរិច្ឆេទកំណត់មួយឆ្នាំ សម្រាប់ការស្នើសុំសំណើចរចាថ្មី ដែលអាចទទួលយកបានដោយក្រុងព្យុងយ៉ាង ដោយនិយាយថាវាអាស្រ័យលើទីក្រុងវ៉ាស៊ីនតោន នូវអំណោយបុណ្យណូអែល ដែលខ្លួននឹងទទួលបានដែលជាការគំរាមកំហែងនៃការបង្កហេតុ៕ដោយ ឈូក បូរ៉ា
