បរទេស:នៅព្រឹកថ្ងៃអង្គារ ទី៣ខែធ្នូឆ្នាំ២០១៩នេះកូរ៉េខាងជើង បានធ្វើការអះអាងម្តងទៀតថារដ្ឋាភិបាល របស់លោកប្រធានាធិបតីអាមេរិក Trump គឺកាន់តែខិតជិតទៅនឹងពេលវេលាកំណត់ ហើយដើម្បីជួយសង្គ្រោះការចរចានុយក្លេអ៊ែរ ដោយនិយាយទៀតថាវាអាស្រ័យទៅលើ សហរដ្ឋអាមេរិកទាំងស្រុងដើម្បីជ្រើសរើសកាដូ ក្នុងថ្ងៃបុណ្យណូអែលដែលខ្លួន នឹងអាចទទួលបានពីកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើដោយ អ្នកការទូតជាន់ខ្ពស់ហើយវាបានកើតឡើងក្នុង ពេលដែលកូរ៉េខាងជើងនៅតែបន្តដាក់សម្ពាធ លើទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល មុនពេលកាលបរិច្ឆេទបញ្ចប់ឆ្នាំចុងក្រោយ ដែលមេដឹកនាំរបស់ខ្លួន គឺលោក Kim Jong Un បានដាក់សម្រាប់សហរដ្ឋអាមេរិកក្នុងការ សម្រេចចិត្តផ្តល់ លក្ខខណ្ឌថ្មីមួយដែលអាច ទទួលយកបានសម្រាប់ កិច្ចព្រមព្រៀងន្យក្លេអ៊ែរ រវាងភាគីទាំងពីរ។
គួរឲ្យកត់សំគាល់ដែរថា ការចរចារវាងអាមេរិកនិងកូរ៉េខាងជើង បានធ្លាក់ចុះកាន់តែខ្សោយឡើង ចាប់តាំងពីកិច្ចប្រជុំកំពូលខែកុម្ភៈ រវាងលោក Kim និងលោកប្រធានាធិបតី Trump ដែលបានត្រឹមលទ្ធផលបរាជ័យ ដោយសហរដ្ឋអាមេរិកបានច្រានចោល ការទាមទាររបស់ កូរ៉េខាងជើងចំពោះការបន្ធូរបន្ថយទណ្ឌកម្មទូលំទូលាយ ជាថ្នូរនឹងការចុះចាញ់មួយ ផ្នែកនៃសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួន៕
ប្រែសម្រួល:ស៊ុនលី