ព្រឹត្តិការណ៍

ពួកតាលីបង់វាយប្រហារ មូលដ្ឋានយោធាអាមេរិក ស្លាប់មនុស្សពីរនាក់ និងរបួសជាច្រើននាក់

បរទេស៖ ភេរវករគ្រាប់បែកអត្តឃាត នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារមូលដ្ឋានយោធាអាមេរិកដ៏ធំមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្សពីរនាក់ និងរងរបួសជាច្រើននាក់ នៅក្នុងដំណើរវាយប្រហារដ៏ធំមួយ ដែលអាចនឹងឲ្យប៉ះពាល់ដល់គម្រោងរៀបចំកិច្ចពិភាក្សាសន្តិភាព រវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ពួកឧទ្ទាមតាលីបង់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដែលផ្តោតគោលដៅលើមូលដ្ឋានទ័ពអាកាស Bagram នៅខាងជើងទីក្រុងកាប៊ុលនោះ។

លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យពួកតាលីបង់មួយរូប បាននិយាយដូច្នេះថា “ដំបូងឡើយ រថយន្តដឹកទំនិញធន់ធ្ងន់ Mazda បានវាយប្រហារជញ្ជាំងរបងរបស់មូលដ្ឋានយោធាអាមេរិក ក្រោយមក កងកម្លាំងឥស្លាម ប្រដាប់ដោយអាវុធធន់ស្រាលនិងអាវុធធន់ធ្ងន់ អាចធ្វើការវាយប្រហារទៅលើពួកកងទ័ពអាមេរិកបាន”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top