បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទម្សិលមិញនេះ បានចាប់ផ្តើមដំណើរការ រថភ្លើងរុស្ស៊ីដំបូង រត់ត្រង់ៗទៅកាន់តំបន់គ្រីមា ដែលរុស្ស៊ីបានយកពីប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធខ្លួន នៅក្នុងឆ្នាំ២០១៤ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។

រថភ្លើងនោះ បានធ្វើដំណើរចាកចេញពីស្ថានីយរថភ្លើង Moskovsky ក្នុងទីក្រុង St. Petersburg នៅវេលាម៉ោង២រសៀលថ្ងៃចន្ទ ហើយនឹងទៅដល់តំបន់គ្រីមា នៅម៉ោង៩និង២៥នាទីព្រឹកថ្ងៃពុធ ដោយត្រូវប្រើប្រាស់ពេលវេលាធ្វើដំណើរ សរុបចំនួន៤៣ម៉ោងនិង២៥នាទី។

គួរបញ្ជាក់ថា ប្រទេសលោកខាងលិចជាច្រើន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ក្រោយពីប្រទេសនេះបានយកតំបន់គ្រីមា ពីប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ហើយស្ពាន Crimean Bridge ក៏បានបង្កឲ្យមានទណ្ឌកម្មថ្មីនានាផងដែរ៕ប្រែសម្រួល៖ប៉ាង កុង
