បរទេស៖ស្របពេលមានភាពតានតឹងនៅក្នុងតំបន់ រវាងអ៊ីរ៉ង់និងសហរដ្ឋអាមរិក ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី នឹងប្រារព្ធធ្វើសហសមយុទ្ធទ័ពជើងទឹក ចាប់ផ្តើមពីថ្ងៃសុក្រស្អែកទៅ នៅមហាសមុទ្រឥណ្ឌា និងសមុទ្រអូម៉ង់។
នៅក្នុងសន្និសីទកាសែតប្រចាំខែ មន្ត្រីនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយប្រាប់ថា ប្រទេសចិននឹងបញ្ជូនាវាពិឃាតសមត្ថភាពមីស៊ីល Xining មួយគ្រឿង ទៅចូលរួមសមយុទ្ធ ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយនេះជាមធ្យោបាយធ្វើឲ្យកាន់តែស៊ីជម្រៅសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសទាំង៣។
លោក Wu Qian បានមានប្រសាសន៍បន្តថា សមយុទ្ធនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍យោធាគ្នាធម្មតាៗ រវាងកងកម្លាំងប្រដាប់អាវុធទាំង៣ និងស្របទៅតាមច្បាប់និងការអនុវត្តអន្តរជាតិ ហើយវាមិនពាក់ព័ន្ធទៅនឹងស្ថានភាពក្នុងតំបន់ណាមួយនោះទេ៕ប្រែសម្រួល៖ប៉ាង កុង